ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាហានអាមេរិក១១នាក់ បានរងរបួស នៅពេលដែលមីស៊ីលអ៊ីរ៉ង់បាញ់ចូលមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់

    BY autoadmin January 17, 2020
    ទាហានអាមេរិក១១នាក់ បានរងរបួស នៅពេលដែលមីស៊ីលអ៊ីរ៉ង់បាញ់ចូលមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់

    យោធាសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិកបានព្យាបាលកងទ័ពរបស់ខ្លួនចំនួន ១១នាក់ ដោយសារចលាចលនៅក្នុងមូលដ្ឋាន បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលមកទៅលើមូលដ្ឋានចំនួន ២ របស់ពួកគេនៅអ៊ីរ៉ាក់។ ការវាយប្រហារនេះគឺជាការសងសឹកមកកាន់អាមេរិកវិញ ដោយសារតែអាមេរិកបានប្រើយន្តហោះគ្មានមនុស្សបើកបរធ្វើឃាតលោក Qassem Soleimani ដែលជាមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ នៅឯទីក្រុងបាកដាដ កាលពីថ្ងៃទី០៣ ខែមករា កន្លងទៅ។ ប៉ុន្តែប្រធានាធិបតីលោក ដូណាល់ ត្រាំ និងយោធាអាមេរិក ពេលភ្លាមៗនោះបាននិយាយថា មិនមានមនុស្សស្លាប់ និងរបួសទេ បន្ទាប់ពីមូលដ្ឋានអាកាស Ain al-Asad នៅភាគខាងលិចអ៊ីរ៉ាក់ និងទីតាំងមួយនៅតំបន់ឃឺដភាគខាងជើង ដែលខ្លួនឈរជើងត្រូវបានអ៊ីរ៉ង់បាញ់មីស៊ីលដាក់។

    យ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍ថ្មីៗនេះវាខុសពីរបាយការចាស់ ដោយអ្នកនាំពាក្យបញ្ជាការកណ្ដាលអាមេរិកបាននិយាយថា៖ «ខណៈដែលគ្មានសមាជិកសេវាកម្មអាមេរិកណាម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ នៅថ្ងៃទី០៨ ខែមករា លើមូលដ្ឋានទ័ពអាកាស Ain al-Asad មានមនុស្សជាច្រើនត្រូវបានគេព្យាបាលក្រោយពេលចលាចល ដែលបណ្តាលមកពីការផ្ទុះ ហើយវាកំពុងត្រូវបានគេវាយតម្លៃនៅឡើយ»។ លោកបានបន្ថែមថា ជាវិធានការណ៍ប្រុងប្រយ័ត្នសមាជិកសេវាកម្មមួយចំនួនត្រូវបានគេយកទៅប្រទេសអាឡឺម៉ង់ ឬគុយវ៉ែត ដើម្បីការតាមដានបន្ត ហើយត្រឡប់មកអ៊ីរ៉ាក់វិញនៅពេលពួកគេបានធូរស្រាល៕

    អត្ថបទ៖​ លីដា

    Share This Post: