រឿងអាស្រូវច្រើនពេក ពេលនេះ Boeing មិនមែនជាក្រុមហ៊ុនផលិតយន្តហោះលេខ១ ទៀតទេ
របាយការណ៍ថ្មីមួយបាននិយាយថា ក្រុមហ៊ុន Airbus បានលក់ចេញយន្តហោះច្រើនបំផុតក្នុងឆ្នាំ២០១៩ ខណៈគូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Boeing ត្រូវបង្ខំចិត្តបញ្ឈប់ការលក់ចេញនូវយន្តហោះ 737 Max ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះចំនួន ២ លើករួចមក។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សំដីអាកាសយានដ្ឋាន និងប្រភពតាមដានបានឱ្យដឹងថា ការដឹកជញ្ជូនយន្តហោះលក់ចេញរបស់ Airbus បានកើនឡើង ៧.៩% នៅក្នុងឆ្នាំ២០១៩ ជាមួយនឹងចំនួនសរុប ៨៦៣គ្រឿង។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុនបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើតួលេខលម្អិតនោះទេ។

ទន្ទឹមនឹងនេះក្រុមហ៊ុន Boeing ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោមានការធ្លាក់ចុះការលក់ បន្ទាប់ពីការធ្លាក់យន្តហោះម៉ូដែល 737 MAX ដែលបានសម្លាប់មនុស្សសរុប ៣៤៦នាក់។ ការដឹកជញ្ជូនគិតត្រឹមខែវិច្ឆិកា មានចំនួនសរុប ៣៤៥គ្រឿង ពោលគឺធ្លាក់ចុះ ៥១% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ចំនួនយន្តហោះរបស់ក្រុមហ៊ុន Boeing ទំនងជាបន្តរងគ្រោះ ដោយសារអ្នកផលិតយន្តហោះបានបញ្ឈប់ផលិតកម្ម 737 MAX ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ខ្លួន។ វាមិនដឹងថាពេលណាទើបម៉ូដែល 737 MAX របស់ Boeing អាចចាប់ផ្ដើមដំណើរការវិញទេ ប៉ុន្តែនឹងត្រូវទុកចោលរហូតដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអនុញ្ញាត៕

អត្ថបទ៖ លីដា