ចាប់តាំពីមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូក ប្រទេសចិនធ្លាក់ចុះចំនួនសត្វជ្រូករហូតដល់ទៅ ១០០លានក្បាល
រដ្ឋាភិបាលចិននិយាយថា ចំនួនសត្វជ្រូកនៅក្នុងប្រទេសគិតត្រឹមដំណាច់ឆ្នាំនេះមានការធ្លាក់ចុះជាង ១០០លានក្បាល (ធៀបនឹងរយៈពេលដដែលឆ្នាំមុនមួយទៀត) ចំពេលមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ប្រទេសចិនគឺជាប្រទេសផលិតជ្រូកធំជាងគេនៅលើពិភពលោក ប៉ុន្តែប៉េស្តជ្រូកដែលមានការឆ្លងរាលដាលខ្លាំង បានរាលដាលពាសពេញប្រទេសចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដែលកាត់បន្ថយចំនួនសត្វជ្រូក និងជំរុញឱ្យតម្លៃសាច់ជ្រូកឡើងថ្លៃ។

ការិយាល័យស្ថិតិជាតិចិនបានប្រកាសនៅថ្ងៃសុក្រនេះថា ចំនួនជ្រូករបស់ប្រទេសនេះមានចំនួនប្រហែល ៣១០លានក្បាល គិតត្រឹមដំណាច់ឆ្នាំ២០១៩ គឺធ្លាក់ចុះជាង ១១៧លានក្បាល ធៀបនឹងឆ្នាំមុន។ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិនកាលពីខែមុន បានកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំចាស់។ ការឡើងថ្លៃសាច់ជ្រូកបានធ្វើឱ្យតម្លៃសាច់គោ និងសាច់មាន់ឡើងថ្លៃដូចគ្នា ដែលធ្វើឱ្យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងបង្កបញ្ហាសង្គមយ៉ាងធ្ងន់ធ្ងរ។
រដ្ឋាភិបាលចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ វាក៏បានបង្កើតឡើងនូវវិធានការគាំទ្រដូចជាការឧបត្ថម្ភធនសម្រាប់ការពង្រីកកសិដ្ឋានចិញ្ចឹមជ្រូកជាដើម។ រដ្ឋាភិបាលក៏បានបញ្ចេញសាច់ជ្រូកក្លាសេ ចំនួន ៨០,០០០តោន ពីទុនបំរុងរបស់រដ្ឋ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិននាចុងខែនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឡើងថ្លៃសាច់ជ្រូក និងកាត់បន្ថយការមិនពេញចិត្តរបស់ប្រជាជន៕


អត្ថបទ៖ លីដា