កាក់ ១ផោន មានរូបអធិរាជ Edward VIII របស់អង់គ្លេងមួយនេះ មានតម្លៃរហូតដល់ទៅ ១.៣លានដុល្លារអាមេរិក
សារព័ត៌មាន BBC បង្ហើបឱ្យដឹងថា កាក់ដែលមានរូបអធិរាជ Edward VIII មួយ បានក្លាយជាកាក់អង់គ្លេសដំបូងគេបំផុត ដែលត្រូវបានគេទិញក្នុងតម្លៃ ១លានផោន (១.៣លានដុល្លារអាមេរិក)។ អ្នកដែលបានដេញថ្លៃកាក់នេះបានពិពណ៌នាកាក់នេះថា វាជា «ឱកាសម្តងក្នុងមួយជីវិត» ដែលអាចនាំកាក់នេះចេញពីអាមេរិកទៅអង់គ្លេសវិញ ព្រោះថាកាក់នេះការពិតមិនសមនឹងនៅមានវត្តមាននោះទេ។ កាក់នេះដើមឡើយគឺជាវត្ថុមួយក្នុងចំណោមសំណុំនៃការសាកល្បង (trial) ចំនួន ៦ ហើយវាគ្រាន់តែជាការធ្វើគំរូសាកល្បងប៉ុណ្ណោះ និងមិនធ្លាប់បានផលិតជាលក្ខណៈទ្រង់ទ្រាយធំនោះទេ ដោយសារការដាក់រាជ្យរបស់ទ្រង់ Edward កាលពីខែធ្នូ ឆ្នាំ១៩៣៦។ កាក់នេះគឺជាកាក់ ១ផោន ប៉ុន្តែពេលនេះក្លាយជារបស់ដ៏មានតម្លៃបំផុតរបស់ប្រទេស។

កាក់មាស ២២ការ៉ាត់, ទំហំអង្កត់ផ្ចិត ២២មីលីម៉ែត្រ និងទម្ងន់ ៧.៩៨ក្រាម មួយនេះ ជាកាក់មួយប្រភេទដែលមិនត្រូវបានគេធ្វើចរាចរនោះទេ ហើយវាក៏មានភាពតូចជាង និងស្រាលជាងកាក ១ផោន ដទៃផងដែរ។ វាត្រូវបានគេគ្រោងឱ្យចេញចរាចរនៅខែមករា ឆ្នាំ១៩៣៧ ប៉ុន្តែមុនកាលកំណត់ដែលត្រូវផលិតកាក់នេះជាផ្លូវការ ទ្រង់ Edward VIII បានដាក់រាជ្យ ហើយទៅរៀបការជាមួយស្ត្រីមេម៉ាយអាមេរិកម្នាក់ គឺនាង Wallis Simpson ។ សរុបមកគឺកាក់នេះត្រូវបានគេយកមកសាកល្បង ហើយមិនទាន់បានចេញចរាចរជាផ្លូវការនោះទេ ហើយក៏បានលាក់មុខពីសាធារណជនអស់រយៈពេលជាច្រើនទសវត្សមកហើយ។ គួរឱ្យដឹងដែរថា Edward គឺជា Duke of Windsor ទ្រង់ធ្លាប់បានស្នើសុំឱ្យមានការផលិតកាក់មានរូបរបស់ទ្រង់ ប៉ុន្តែត្រូវបានបដិសេធដោយព្រះរាមរបស់ទ្រង់គឺ ទ្រង់ George VI ៕



អត្ថបទ៖ លីដា