អាមេរិកបន្ថែមចំនួនឧបករណ៍រកមើលមេរោគកំពុងរាតត្បាតរបស់ចិន នៅក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ
អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកកំពុងបង្កើនការត្រួតពិនិត្យ សម្រាប់អ្នកដំណើរដែលអាចឆ្លងវីរុសថ្មី ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះជំងឺរលាកសួតនៅទីក្រុង Wuhan ប្រទេសចិន។ ពួកគេនិយាយថា ពួកគេកំពុងណែនាំការត្រួតពិនិត្យតឹងតែងនៅអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ មុនពេលរដូវឈប់សម្រាករបស់ចិនចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ មជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ ឬហៅកាត់ CDC បាននិយាយថា ចាប់ពីថ្ងៃទី១៧ ខែមករា នឹងមានការត្រួតពិនិត្យតាមអេក្រង់ឌីជីថលកាន់តែតឹងរឹងនៅអាកាសយានដ្ឋានក្នុងទីក្រុងញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ និងឡូសអេនជឺលេស។

អាជ្ញាធរកំពុងផ្តោតលើអ្នកដំណើរដែលមកដល់ព្រលានដោយផ្ទាល់ (direct) ឬតជើងហោះហើរចេញពីក្រុង Wuhan ។ បុគ្គលិកនៅស្ថានីយ៍នឹងត្រូវសួរអ្នកដំណើរអំពីសុខភាពរបស់ពួកគេ និងពិនិត្យមើលរោគសញ្ញា ដែលទាក់ទងនឹងវីរុសដូចជាគ្រុនក្តៅ និងក្អក។ អ្នកដែលលេចមុខរោគសញ្ញានឹងត្រូវសាកសួរបន្ថែមអំពីសកម្មភាពរបស់ពួកគេនៅក្នុងប្រទេសចិន។ អ្នកដំណើរដែលប្រហែលជាឆ្លងវីរុស ឬអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលដែលឆ្លង គឺនឹងត្រូវទទួលការធ្វើតេស្តបន្ថែមទៀតនៅតាមមណ្ឌលវេជ្ជសាស្រ្ត។ ជម្រាបដែរថា ប្រជាជនចិនរាប់លាននាក់ធ្វើដំណើរកម្សាន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំរបស់ពួកគេ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមករា ហើយប្រជាជនជាច្រើនត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ មន្ត្រី CDC រំពឹងថា នឹងមានបុគ្គលិក ៥,០០០នាក់ ដើម្បីតាមដានការពិនិត្យតាមរយៈអេក្រង់ឌីជីថលនោះ៕

អត្ថបទ៖ លីដា