ព្រះអង្គម្ចាស់ Harry និង Meghan នឹងឈប់ប្រើប្រាស់ឋានៈជា «អ្នកអង្គម្ចាស់» ទៀតហើយ បន្ទាប់ពីលាចេញពីសែរាជវង្សអង់គ្លេស
អង់គ្លេស៖ ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan នឹងឈប់ប្រើប្រាស់ឋានៈជា «អ្នកអង្គម្ចាស់» របស់ពួកគេ ដែលនឹងចាប់ផ្តើមពីនិទាឃរដូវនេះតទៅ។ វិមាន Buckingham បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា Duke និង Duchess of Sussex នឹងមិនមែនជាសមាជិកនៃគ្រួសាររាជវង្សទៀតទេ។ ម៉្យាងទៀត Harry និង Meghan ពួកគេក៏នឹងឈប់ទទួលមូលនិធិសាធារណៈដូចគ្នា។ នេះគឺជាការសម្រេចចិត្តចុងក្រោយបំផុតពីរាជវង្សនៃចក្រភពអង់គ្លេស បន្ទាប់ពីកាលពីប៉ុន្មានអាទិត្យមុនទ្រង់ Harry មានបំណងចុះចេញពីសមាជិកជាន់ខ្ពស់នៃសែរាជវង្ស។

ប្រភពនិយាយថា ពួកគេនឹងបន្តគាំទ្រដល់អង្គការសប្បុរសធម៌ផ្សេងៗគ្នាដោយខ្លួនឯង ដោយមានការអនុញ្ញាតពីមហាក្សត្រិយ៍អេលីហ្សាបេត ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ទ្រង់។ ព្រះមហាក្សត្រិយានីបានមានបន្ទូលនៅក្នុងសេចក្តីថ្លែងការណ៍របស់ទ្រង់ថា បន្ទាប់ពីការសន្ទនា និងការពិភាក្សាអស់រយៈពេលជាច្រើនខែ ទ្រង់មានសេចក្តីរីករាយដែលក្រុមគ្រួសារបានរកឃើញនូវ «មធ្យោបាយស្ថាបនា និងការគាំទ្រឆ្ពោះទៅមុខសម្រាប់ចៅប្រុស និងគ្រួសាររបស់គាត់»។ ទ្រង់បានបន្ថែមថា Harry, Meghan និង Archie នឹងនៅតែជាសមាជិកគ្រួសារដែលទ្រង់ស្រឡាញ់ជានិច្ច។ ទ្រង់ក៏បានបន្ថែមទៀតថា ក្តីសង្ឃឹមគ្រួសារទាំងមូលរបស់ទ្រង់គឺថា កិច្ចព្រមព្រៀងនឹងអនុញ្ញាតឱ្យ Harry និង Meghan ផ្តើមកសាងជីវិតថ្មីប្រកបដោយសុភមង្គល និងសន្តិភាព៕



អត្ថបទ៖ លីដា