អបិយជំនឿក្នុងថ្ងៃបុណ្យចូលឆ្នាំចិនទាំង ១២យ៉ាង ដើម្បីនាំលាភសំណាងដល់គ្រួសារ
ក្នុងនាមជាជនជាតិអាស៊ីពួកយើងតែងតែមានទម្លាប់មានជំនឿទៅលើអ្វីមួយដែលយើងគោរព ហើយនៅក្នុងពិធីក្នុងបុណ្យចូលឆ្នាំចិនក៏មិនខុសគ្នាដែរ។ នៅក្នុងអត្ថបទដែលដកស្រង់ចេញពី TheAsianParent នេះយើងជឿថា អ្នកនឹងមានការភ្ញាក់ផ្អើលជាមួយនឹងជំនឿមួយចំនួននៅថ្ងៃបុណ្យចូលឆ្នាំចិន ដែលលោកអ្នកធ្លាប់ ឬមិនធ្លាប់ដឹង ថ្វីបើជំនឿខ្លះមិនត្រូវបានគេយកមកប្រើគ្រប់គ្នាក៏ដោយ។ ប៉ុន្តែយ៉ាងណាក៏ដោយវាត្រូវគេជឿថា នឹងនាំលាភសំណាង និងភាពសម្បូរសប្បាយដល់គ្រួសាររបស់ពួកគេ។ ខាងក្រោមនេះគឺជាអបិយជំនឿក្នុងថ្ងៃបុណ្យចូលឆ្នាំចិនទាំង ១២យ៉ាង ដែលលោកអ្នកគួរដឹង៖
១. មិនត្រូវប្រើពណ៌ខ្មៅ និង ស ៖ នៅក្នុងថ្ងៃចូលឆ្នាំចិនគ្រប់យ៉ាងត្រូវមានពណ៌ភ្លឺ នោះគឺពណ៌ក្រហម ហើយពណ៌ខ្មៅ និងស សម្រាប់តែកាន់ទុក្ខប៉ុណ្ណោះ មិនត្រូវប្រើក្នុងពីធីសិរីនោះទេ។
២. មិនត្រូវបោសផ្ទះរហូតដល់ថ្ងៃទី៥ ៖ អ្នកត្រូវតែសម្អាតផ្ទះ និងគ្រប់យ៉ាងឱ្យបានមុនថ្ងៃចូលឆ្នាំថ្មី ព្រោះថាបន្ទាប់ពីនោះអ្នកមិនអាចសម្អាតអ្វីបានទេ។ សម្អាត ឬប្រមូលសំរាម ចេញពីផ្ទះក្នុងអំឡុងពេលចូលឆ្នាំ មានន័យថាអ្នកបោសលាភសំណាងចេញពីផ្ទះ។
៣. មិនត្រូវកក់ ឬកាត់សក់ ៖ អ្នកមិនត្រូវកក់ ឬកាត់សក់ នៅអំឡុងពេល ២ថ្ងៃដំបូង នៃថ្ងៃចូលឆ្នាំចិននោះទេ។ នៅក្នុងជំនឿរបស់ចិន ក្បាលគឺជាការចាប់ផ្តើម ដូច្នេះដើម្បីការចាប់ផ្ដើមដ៏ល្អមិនត្រូវធ្វើការកក់ ឬកាត់សក់ឡើយ។
៤. បើទ្វារ និងបង្អួចទាំងអស់នៅថ្ងៃទី១ ៖ ដើម្បីសំណាងល្អ និងភាពរុងរឿងចូលក្នុងផ្ទះបាន លោកអ្នកត្រូវទុកឱ្យច្រកទ្វារទាំងអស់បើកចំហ។ វាក៏ជាសញ្ញានៃរឿងមិនល្អក្នុងឆ្នាំចាស់ចាកចេញទៅ ហើយចូលមកវិញដោយសំណាងល្អ និងភាពរុងរឿង។
៥. មិនត្រូវចេញដើរលេងថ្ងៃទី៣ ៖ ដើរលេងថ្ងៃទី៣ ត្រូវបានគេចាត់ទុកថាជារឿងចង្រៃ។ ជាធម្មតាមនុស្សម្នាមិនចេញទៅដើរលេងទេ ពីព្រោះថ្ងៃនេះត្រូវបានគេជឿថា ជា Chi Kou Ri (red mouth) ឬ Chi Gou Ri (Red Dog) ។
៦. ខោអាវក៏មិនត្រូវបោកដែរ៖ វាត្រូវបានគេចាត់ទុកថាមិនសមក្នុងការបោកសម្អាតខោអាវនៅថ្ងៃទី១ និង ២ នៃថ្ងៃចូលឆ្នាំចិន ពីព្រោះថ្ងៃទាំងនោះគឺជាថ្ងៃកំណើតរបស់ព្រះគង្គា (Shuishen) ។
៧. មិនត្រូវយំ៖ យំគឺជាសំណាងអាក្រក់ ដូច្នេះអ្នកមិនត្រូវយំ ហើយក៏មិនត្រូវធ្វើឱ្យក្មេងក្មេងយំដូចគ្នា នៅក្នុងអំឡុងពេលចូលឆ្នាំថ្មី។
៨. ត្រូវមាននំ អាហារ ឬផ្លែឈើ ដើម្បីទទួលភ្ញៀវ៖
– ផ្លែប៉ោម = សន្តិភាព និង ប្រាជ្ញា
– អែបព្រីខតស្ងួត = មាសប្រាក់ និងទ្រព្យសម្បត្តិ
– មី (长寿面) = ភាពយូរអង្វែង
– គាវ = សម្បត្តិស្ដុកស្ដម្ភ
– ស៊ុត = ការមានកូន
– បង្អែមរសជាតិ៨មុខ (八宝饭) = មានលាភ និងសំណាងល្អ
– ត្រីទាំងមូលពីក្បាលដល់កន្ទុយ = តំណាងជាឆ្នាំមានភាពចម្រើន និងរុងរឿងចាប់ពីដើមដល់ចប់
– ទំពាំងបាយជូរ = ទ្រព្យសម្បត្ដិ បរិបូរណ៍ និងមានកូនច្រើន
– គូលែន = គ្រួសារមានភាពជិតស្និទ្ធ
– នំចូលឆ្នាំចិន (Nian gao) = ភាពរុងរឿង
– ក្រូច = ទ្រព្យសម្បត្តិ សំណាងល្អ មាសប្រាក់
– ផ្លែប៉ែស = អាយុវែង
– ម្នាស់ = ទ្រព្យ និងលាភ
– សាច់ជ្រូក = កម្លាំង ទ្រព្យសម្បត្តិ ពរជ័យរុងរឿង
– នំអង្ករ = ទំនាក់ទំនងនៃគ្រួសារ
– គ្រឿងសមុទ្រ = មានអ្នកថែរក្សាគ្រប់ទីកន្លែង
– បង្អែមនំអ៊ី = ភាពជួបជុំ គ្រួសារនៅជុំគ្នា
៩. ផ្លែក្រូចក្នុងផ្ទះបាយ៖ ក្រូច ៩ផ្លែ ត្រូវបានគេដាក់នៅក្នុងផ្ទះបាយ ឬក្នុងបន្ទប់ទទួលភ្ញៀវ វាត្រូវបានគេនិយាយថា នឹងនាំមកនូវសំណាងល្អ និងភាពរុងរឿង។
១០. កុំដាក់លុយសេសក្នុងអាំងប៉ាវ៖ នៅពេលឱ្យអាំងប៉ាវទៅនរណាម្នាក់ សូមចងចាំថាត្រូវដាក់លេខគូ។ វាកាន់តែប្រសើរប្រសិន បើលេខចាប់ផ្តើម ឬបញ្ចប់ដោយលេខ ៨ ។
១១. កុំធ្វើបបរហូប៖ ជៀសវាងទទួលទានបបរនៅពេលព្រឹកក្នុងថ្ងៃចូលឆ្នាំ ព្រោះតាមជំនឿចិនបបរសម្រាប់តែអ្នកក្រ។
១២. តុបតែងផ្ទះដោយមានបន្តោងកាក់ mystic knot ៖ តុបតែងដោយមាន mystic knot នេះ ឬបន្ដោងដែលធ្វើចេញពីកាក់មាសកាន់តែល្អ ដែលវាតំណាងឱ្យអាយុវែង ជីវិតរីករាយពេញដោយសំណាង៕

អត្ថបទ៖ លីដា