ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមបង្កើនការប្រុងប្រយ័ត្ន! អ្នកទេសចរអង់គ្លេសម្នាក់ត្រូវបានគេសង្ស័យថា មានជំងឺរលាកសួតដែលកំពុងរាតត្បាតក្នុងប្រទេសចិន

    BY autoadmin January 21, 2020
    សូមបង្កើនការប្រុងប្រយ័ត្ន! អ្នកទេសចរអង់គ្លេសម្នាក់ត្រូវបានគេសង្ស័យថា មានជំងឺរលាកសួតដែលកំពុងរាតត្បាតក្នុងប្រទេសចិន

    ថ្មីៗនេះមានជនបរទេសម្នាក់ត្រូវបានគេសង្ស័យថា ទំនងជាឆ្លងជំងឺរលាកសួត ដែលចេញពីក្រុមវីរុសថ្មី coronavirus នៅពេលដែលគាត់ចូលមកកម្សាន្តក្នុងប្រទេសថៃ។ អ្នកទេសចរជនជាតិអង់គ្លេសឈ្មោះ Ash Shorley អាយុ ៣២ឆ្នាំ មកពីទីក្រុង Thornton, Lancashire ហើយលោកគឺជាជនរងគ្រោះលោកខាងលិចដំបូងបង្អស់ ដែលត្រូវបានគេសង្ស័យថាបានឆ្លងជំងឺនេះ ប៉ុន្តែយ៉ាងណាខាងរដ្ឋាភិបាលថៃនៅមិនទាន់បញ្ជាក់នៅឡើយ។ លោកត្រូវបានគេឱ្យដឹងថា បានកំពុងទៅលេងកោះ Koh Phi Phi ដ៏ល្បីល្បាញរបស់ថៃ ប៉ុន្តែនៅអំឡុងពេលកម្សាន្តគាត់ស្រាប់តែចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលខ្លួន។

    ក្រោយមកគាត់ក៏បង្ហាញរោគសញ្ញាដូចជាមានជំងឺផ្តាសាយ ហើយស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ គ្រូពេទ្យនៅលើកោះនោះមិនអាចផ្តល់ការថែទាំត្រឹមត្រូវដល់លោក Ash Shorley បានទេ ដូច្នេះគាត់ត្រូវដឹកចេញពីកោះទៅដីគោកវិញ។ ប្រភព Globe Newspaper Bangkok បាននិយាយថា សួតរបស់លោកស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលពួកគេត្រូវជួលយន្តហោះដើម្បីបញ្ជូនគាត់ចេញពីកោះ Koh Phi Phi ទៅភូកេត។ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យនៅភូកេតមិនទាន់អាចបញ្ជាក់ថា លោក Ash Shorley ឆ្លងវីរុសអ្វីនោះទេ ប៉ុន្តែយ៉ាងណាស្ថានភាពរបស់គាត់ គឺស្របពេលដែលប្រទេសថៃក៏មានអ្នកជំងឺរលាកសួតដែលឆ្លងពីចិនដែរ។

    ពេលនេះលោក Ash Shorley នៅមិនទាន់ជានៅឡើយ និងថែមទាំងត្រូវការថវិកាបន្ថែមផងដែរ ដោយសារធានារ៉ាប់រងសុខភាពរបស់គាត់មិនអាចជួយផ្គត់ផ្គង់ស្ថានភាពធ្ងន់ធ្ងររបស់គាត់បាននោះទេ។ សម្រាប់អ្នកដែលចង់ជួយគាត់អាចបរិច្ចាគតាមរយៈ GoFundMe បាន ហើយយើងសង្ឃឹមថាគាត់នឹងឆាប់ជា៕

    អត្ថបទ៖ លីដា

    Share This Post: