អន្តរជាតិ

ញាក់សាច់! អង់គ្លេសប្រើសត្វឆ្កែប្រមាញ់កណ្តុរ ចំណាយពេលតែ ៧ម៉ោងប៉ុណ្ណោះចាប់បានកណ្តុររហូតដល់ទៅ ៧០០ក្បាល

BY
autoadmin
January 21, 2020

អង់គ្លេស៖ រូបភាពគួរឱ្យខ្លាចទាំងនេះបង្ហាញពីក្រុមឆ្កែប្រមាញ់ Norfolk Terriers ដែលពួកវាធ្វើការចាប់ និងសម្លាប់សត្វកណ្តុរជាង ៧០០ក្បាល ក្នុងរយៈពេលមិនដល់មួយថ្ងៃផង។ ការប្រមាញ់កណ្តុរទាំងនេះគឺជាការស្នើសុំពីម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយ បន្ទាប់ពីគាត់តែងតែទទួលការរំខានពីសត្វកណ្ដុរ ដែលពួកវាចូលបំផ្លាញរោងស្តុកចំណីជ្រូករបស់គាត់ជាប្រចាំ។ ក្រុមឆ្កែប្រមាញ់ Norfolk Terriers ធ្វើការប្រមាញ់កណ្តុរតែរយៈពេល​ ៧ម៉ោង ប៉ុណ្ណោះ ហើយអ្វីដែលសំខាន់កណ្តុរទាំងនេះធំៗណាស់ ដែលមួយក្បាលមានទម្ងន់ប្រហែល ១គីឡូក្រាម ឯណោះ។

ជាការពិតថ្វីបើវាមើលទៅចម្លែកបន្ដិច នៅពេលដែលគេប្រើសត្វឆ្កែឱ្យមកប្រមាញ់កណ្តុរបានបែបនេះ ប៉ុន្តែក្រុមឆ្កែទាំងនេះមិនមែនចេះតែប្រើបាននោះទេ។ ពួកវាជាអ្នកប្រមាញ់អាជីព ហើយត្រូវបានបណ្តុះបណ្ដាលជំនាញត្រឹមត្រូវដោយក្រុម Suffolk និង Norfolk Rat Pack។ វាជាមុខរបស់របស់ក្រុមនេះក្នុងការគ្រប់គ្រងសត្វកណ្តុរ ខណៈនៅប្រទេសអង់គ្លេសផ្ទាល់ ការប្រមាញ់កណ្ដុរគឺជារឿងស្របច្បាប់ ដោយយោងតាមច្បាប់ប្រមាញ់ឆ្នាំ២០០៤​ (2004 hunting act) ។

បើយោងតាមសម្ដីលោក Ed Cook អាយុ ៣៤ឆ្នាំ ជាមេក្រុម Norfolk Rat Pack បាននិយាយថា ពួកគេបង្ហាត់ឆ្កែទាំងនេះឱ្យធ្វើការតាមលក្ខណៈប្រពៃណី ដោយសារថាប្រសិនបើប្រើថ្នាំដាក់កណ្ដុរទាំអស់នោះវានឹងចំណាយពេលយូរណាស់ ហើយកណ្តុរក៏នឹងចំណាយពេល ៤៨ម៉ោង ទម្រាំវាពុលងាប់ ដូច្នេះវិធីនេះគឺមានប្រសិទ្ធភាពបំផុត។ មិនដូចសត្វឆ្កែធម្មតាដែលចូលចិត្តរត់លេងនោះទេ ក្រុមសុនកទាំងនេះមានសមត្ថភាពដេញចាប់កណ្តុរបានយ៉ាងសកម្មបំផុត ដោយសារតែ DNA របស់ពួកវាគឺរស់ដើម្បីប្រមាញ់៕

អត្ថបទ៖ លីដា

Share This Post: