ចិនកាត់ទោសអតីតប្រធានប៉ូលិសអាំងទែប៉ូលម្នាក់ដាក់គុកជាង១០ឆ្នាំ ជុំវិញករណីចាយលុយជាតិខ្ជះខ្ជាយជាមួយប្រពន្ធ និងគ្រួសារ
ចិន៖ អតីតប្រធានប៉ូលិសអាំងទែប៉ូលម្នាក់ត្រូវបានតុលាការចិនសម្រេចកាត់ទោសឲ្យជាប់គុករយៈពេល ១៣ ឆ្នាំ កន្លះ ជុំវិញករណីពុករលួយក្នុងអំឡុងពេលដែលគាត់បានកាន់តំណែងកន្លងមក។ អតីតប្រធានប៉ូលិសអាំងទែប៉ូលរូបនេះមានឈ្មោះថា Meng Hongwei ហើយបើគិតត្រឹមថ្ងៃផ្ដន្ទាទោសរូបគាត់មានអាយុ ៦៦ ឆ្នាំ។ បើតាមសារព័ត៌មាន Shanghaiist បានចុះផ្សាយបញ្ជាក់ថា អំពើពុករលួយដែលលោក Meng Hongwei បានប្រព្រឹត្តិនោះគឺជាករណីចាយវាយលុយខុសក្រៅផ្លូវការក្នុងអំឡុងពេលគាត់ទៅបំពេញបេសកម្មនៅក្រៅប្រទេស ពោលគឺគាត់បានយកថវិកាជាតិទៅចាយខ្ជះខ្ជាយយ៉ាងច្រើនក្រៅផ្លូវការជាមួយនឹងប្រពន្ធ និងក្រុមគ្រួសាររបស់គាត់។

បើយោងតាមអង្គភាពប្រឆាំងអំពើពុករលួយចិនដែលបានបើកការស៊ើបអង្កេតករណីខាងលើយ៉ាងល្អិតល្អន់បាន ឲ្យដឹងថា អំពើពុករលួយរបស់លោក Meng Hongwei មានទំហំជាទឹកប្រាក់ប្រមាណជា ១៤,៤៦ លានយន់ (២,១ លានដុល្លារអាមេរិក)។ ក្រៅតែពីផ្តន្ទាទោសឲ្យជាប់គុករយៈពេល ១៣ ឆ្នាំកន្លះ លោក Meng Hongwei ក៏ត្រូវពិន័យជាប្រាក់ចំនួន ២ លានយន់ (២៩០ ០០០ ដុល្លារ) ផងដែរ៕
អត្ថបទ៖ ភក្តី
