ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្រួតថៃចាប់បានផលិតផលក្លែងក្លាយរាប់ពាន់កញ្ចប់ ដែលកំពុងចែកចាយយ៉ាងសកម្មតាមបណ្ដាខេត្តក្នុងប្រទេសខ្លួន

    BY autoadmin January 23, 2020
    តម្រួតថៃចាប់បានផលិតផលក្លែងក្លាយរាប់ពាន់កញ្ចប់ ដែលកំពុងចែកចាយយ៉ាងសកម្មតាមបណ្ដាខេត្តក្នុងប្រទេសខ្លួន

    ថៃ៖ តម្រួតថៃបានរឹបអូសផលិតផលក្លែងក្លាយប្រមាណជា ១៥ ០០០ កញ្ចប់/ប្រអប់ ដែលកំពុងតែចែកចាយយ៉ាងសកម្មនៅក្នុងតំបន់ Isan (តំបន់ខេត្តមួយចំនួនដែលស្ថិតនៅភាគខាងជើងប្រទេសថៃ)។ បើតាមលោក Natthasak Chaovanasai មេបញ្ជាការប៉ូលិសដែលបានដឹកនាំការបង្រ្កាបករណីមួយនេះបានឲ្យដឹងថា ផលិតផលក្លែងក្លាយដែលប៉ូលិសរឹបអូសបាននៅពេលនេះមានដូចជា គ្រឿងសម្អាង ឱសថរុក្ខជាតិ និងប្រភេទអាហារបំប៉នសុខភាព ដែលបានប្រើប្រាស់ឈ្មោះ “Khun Sumrit” ជាម៉ាកយីហោនៅលើផលិតផលទាំងអស់នេះ។

    តាមមន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ផលិតផលក្លែងក្លាយទាំងនេះមិនត្រឹមតែគ្មានគុណភាពនោះទេ តែវាថែមទាំងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់វិញទៀតផង។ ប៉ូលិសថៃបានអំពាវនាវឲ្យសាធារណៈជនទាំងអស់ដែលកំពុងតែប្រើប្រាស់ផលិតផលមានម៉ាកយីហោដូចខាងលើនេះ ត្រូវផ្អាកការប្រើប្រាស់ជាបន្ទាន់មុនពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះប៉ូលិសថៃកំពុងបន្តបើកការស៊ើបអង្កេតបន្ថែមទៀត ដើម្បីឈានទៅចាប់ខ្លួនក្រុមជនខិលខូចដែលនៅពីក្រោយករណីខាងលើនេះ។ សូមបញ្ជាក់ផងដែរថា បើយោងតាមច្បាប់ថៃជនល្មើសដែលបានប្រព្រឹត្តិករណីខាងលើនេះនឹងត្រូវជាប់គុក ៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួន​ ៣០០ ០០០ បាត (៩ ៨៧៥ ដុល្លារអាមេរិក) ផងដែរ៕

    អត្ថបទ៖ភក្តី

     

    Share This Post: