កូរ៉េខាងជើងបិទលែងឲ្យភ្ញៀវបរទេសចូលក្នុងប្រទេសខ្លួនមួយរយៈសិន ព្រោះខ្លាចចម្លងជំងឺថ្មីពីចិនចូលប្រទេសខ្លួន
ជំងឺថ្មី ដែលបណ្តាលមកពីវីរុសប្រភេទថ្មី Novel Coronavirus វាមានលក្ខណៈស្រដៀងនឹងជំងឺផ្តាសាយ ឬដូចជំងឺសារនោះ នៅតែបន្តការគំរាមកំហែងដល់ពិភពលោក ដ្បិតវាអាចសម្លាប់មនុស្សបានប្រសិនបើគ្មានការព្យាបាលទាន់ពេលវេលានោះទេ។ ដើម្បីការពារប្រជាពលរដ្ឋខ្លួនពីការកើតមានជំងឺថ្មី រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះបានសម្រេចបិទមិនឲ្យមានភ្ញៀវទេសចរណ៍បរទេសចូលមកក្នុងប្រទេសខ្លួនមួយរយៈតែម្តង ព្រោះខ្លាចចម្លងជំងឺថ្មីពីចិនចូលប្រទេសខ្លួន។
ក្រុងព្យុងយ៉ាងបានចេញសេចក្តីប្រកាសជាផ្លូវការថា រាល់ភ្ញៀវទេសចរណ៍បរទេសទាំងអស់មិនថាជាតិសាសន៍ណាឡើយ នឹងមិនអាចធ្វើដំណើរចូលមកក្នុងប្រទេសកូរ៉េខាងជើងបាននោះទេ ដរាបណាជំងឺថ្មីដែលមានដើមកំណើតនៅក្នុងក្រុងវូហានប្រទេសចិននៅតែបន្តរាតត្បាត។ សូមបញ្ជាក់ជូនថា ជំងឺថ្មីដែលបង្កឡើងដោយចង្កោមមេរោគ Novel Coronavirus បានកើតមាននៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង និងជប៉ុន ហើយរហូតមកទល់នឹងពេលនេះមានមនុស្សជាង ៥០០ នាក់បានកើតជំងឺថ្មីនេះ ក្នុងនោះក៏មានអ្នកស្លាប់ចំនួន ១៧ នាក់ផងដែរ៕
អត្ថបទ៖ ភក្តី
