អស្ចារ្យមែនទែន! កុមារាតូចម្នាក់នេះមានអាយុ ៣ឆ្នាំមែន ប៉ុន្តែមានកូតាវៃឆ្លាតរហូតដល់ទៅ 142 IQ
យោងតាមសារព័ត៌មាន METRO បានឱ្យដឹងថា កុមារាជនជាតិម៉ាឡេស៊ីម្នាក់ រស់នៅក្រុង Durham ប្រទេសអង់គ្លេស មានកូតាវៃឆ្លាតរហូតដល់ទៅ 142 IQ និងបានក្លាយជាកុមារក្មេងបំផុតនាពេលបច្ចុប្បន្ន ដែលត្រូវបានអញ្ចើញឱ្យធ្វើជាសមាជិករបស់ Mensa UK ដែលជាសង្គមប្រជុំដោយអ្នកមាន IQ ខ្ពស់បំផុត។ កុមារានោះមានឈ្មោះថា Muhammad Haryz Nadzim ហើយគេទើបតែមានអាយុ ៣ឆ្នាំប៉ុណ្ណោះ។ ក្មេងប្រុសបានធ្វើតេស្ត Stanford Binet ដោយទទួលបានកូតា 142 IQ ដែលធ្វើឱ្យគេក្លាយជាមនុស្សឆ្លាតបំផុតក្នុងចំណោមអ្នកដែលមាន IQ ខ្ពស់បំផុត ដែលមានតែ ០.៣% ក្នុងពិភពលោកនេះ។

បើតាមសម្ដីរបស់លោកស្រី Anira និងលោក Mohd ដែលជាម្ដាយឪពុករបស់កុមារា បាននិយាយថា Haryz គឺដូចជាក្មេងដទៃទៀតដែរ ហើយពីមុនមកពួកគាត់ក៏មិនបានចាប់អារម្មណ៍អ្វីទេ លុះក្រោយមកពួកគាត់ក៏បានដឹង នៅពេលដែលអ្នកនៅកន្លែងថែទាំក្មេងប្រាប់ពួកគាតថា Haryz ខុសពីក្មេងដទៃ។ Haryz អាចអានអក្សររាល់សៀវភៅរឿងដែលគេចូលចិត្ត ហើយចូលចិត្តសួរទាក់ទងនឹងអវកាស ឬលេខ។ ម្ដាយឪពុករបស់ក្មេងប្រុសក៏បានពន្យល់ដែរថា ពួកគាត់តែងតែនិយាយគ្នាជាម៉ាឡេ និងអង់គ្លេសដាក់ទៅកូនរបស់គាត់ ហើយពួកគេទាំង២ផ្ទាល់ក៏ជាសាវតាអ្នកវិស្វករផងដែរ។
ជាក់ស្ដែងលទ្ធផលនេះបានធ្វើឱ្យគ្រួសាររបស់គេមានមោទកភាពណាស់ ហើយគាត់បាននិយាយថា គាត់មិនរំពឹងថាកូនរបស់គាត់អាចឆ្លាតដល់ថ្នាក់នេះនោះទេ ជាពិសេសត្រូវបានអញ្ចើញឱ្យធ្វើជាសមាជិក Mensa UK ។ ប៉ុន្តែយ៉ាងណាក៏ដោយម្ដាយឪពុករូបនេះក៏បាននិយាយដែរថា ពួកគេនឹងជួយឱ្យ Haryz មានចិត្តចង់រៀនដោយខ្លួនឯង ដោយមិនឱ្យមានសម្ពាធនោះទេ ពោលគឺចង់ឱ្យក្មេងប្រុសមានទំនុកចិត្តលើខ្លួនឯង។ ហើយអ្វីដែលសំខាន់បំផុតនោះគឺថា ក្មេងប្រុស Muhammad Haryz Nadzim សប្បាយចិត្តនឹងអ្វីដែលគាត់កំពុងធ្វើ ហើយគ្រួសាររបស់គាត់គឺមានទំនុកចិត្តលើគាត់ទោះជាគាត់សម្រេចបានអ្វីក៏ដោយ៕




អត្ថបទ៖ លីដា