ឃើញប្រទេសចិនជួបទុក្ខ លោក ដូណាល់ ត្រាំ បញ្ជូនអ្នកជំនាញអាមេរិកឱ្យទៅជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះបាននិយាយថា រដ្ឋបាលរបស់លោកបានទាក់ទងជាមួយប្រទេសចិន ហើយបានបញ្ជូនអ្នកជំនាញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ លោក ដូណាល់ ត្រាំ បានសរសេរនៅក្នុងបណ្ដាញ Twitter របស់គាត់ថា៖ «យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនទាក់ទងនឹងវីរុសនេះ។ មានករណីតិចតួចណាស់ដែលបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែយើងនៅតែមានការឃ្លាំមើលយ៉ាងខ្លាំង។ យើងបានផ្តល់ជំនួយដល់ប្រទេសចិន និងលោកប្រធានាធិបតី ស៊ី អ្វីដែលចាំបាច់។ អ្នកជំនាញរបស់យើងពិតជាអស្ចារ្យ!»

វីរុសកូរ៉ូណាបានផ្ទុះឡើងនៅក្នុងទីក្រុងវូហានប្រទេសចិន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨១នាក់ (ជាង១០០នាក់ តាមរបាយការណ៍ចុងក្រោយ) និងបានឆ្លងដល់មនុស្សប្រហែល ៣,០០០នាក់ ផ្សេងទៀត។ ចំណែកនៅអាមេរិកវិញ មជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបាននិយាយថា ករណីឆ្លងវីរុសដ៏សាហាវចំនួន ៥ករណី ត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា មានអ្នកស្លាប់ឡើយ។ ហើយនៅអាមេរិកមានមនុស្ស ៦០នាក់ផ្សេងទៀត បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ជំងឺនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ New York Post