គិលានុបដ្ឋាយិកានៅចិនសុខចិត្តនាំគ្នាកាត់សក់ឲ្យខ្លី ដើម្បីត្រៀមខ្លួនមើលថែអ្នកជំងឺពីវីរុសកូរ៉ូណា
ចិន៖ ខណៈដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬអ្នកខ្លះហៅថាជំងឺរលាកសួតបង្កឡើងដោយមេរោគ Coronavirus កាន់តែរាតត្បាតខ្លាំងឡើងនៅក្នុងប្រទេសចិននោះ ទាំងអាជ្ញាធរ និងបុគ្គលិកនៅតាមគ្រប់មន្ទីរពេទ្យចិនហាក់បានត្រៀមខ្លួនយ៉ាងរួចរាល់ប្រកបដោយមានការលះបង់ខ្ពស់ ដើម្បីជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលាផងដែរ។
ជាក់ស្តែងបើយោងតាមសារព័ត៌មាន People’s Daily China បានឲ្យដឹងថា រហូតមកទល់ពេលនេះមានគិលានុបដ្ឋាយិកាភេទស្រីប្រមាណជា ៣១ នាក់ហើយបានសម្រេចកាត់សក់ដ៏វែងរបស់ខ្លួនចោល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការមើលថែអ្នកជំងឺ និងដើម្បីការពារខ្លួនមិនឲ្យមានមេរោគថ្មីនេះអាចមកតោងជាប់សក់របស់ពួកគាត់ផងដែរ។ គិលានុបដ្ឋាយិកាភេទស្រីទាំង ៣១ រូបនេះ កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ Union Hospital West Branc ដែលមានទីតាំងនៅក្នុងក្រុងវូហាន ប្រទេសចិន ។ បើតាមប្រភពខាងលើបានបញ្ជាក់ថា មន្ទីរពេទ្យមួយនេះមានគ្រែប្រមាណជា ៧០០ សម្រាប់រង់ចាំទទួលអ្នកជំងឺ ២៤ ម៉ោងតែម្តង៕

អត្ថបទ៖ភក្តី


