ប្រទេសចិនទើបសម្រេចចិត្តបិទលែងឱ្យមានការជួញដូរសត្វព្រៃ បន្ទាប់ពីវីរុសកូរ៉ូណាផ្ទុះឡើងទប់មិនឈ្នះ
ក្រសួងកសិកម្មចិនបានសម្រេចហាមឃាត់ការធ្វើពាណិជ្ជកម្មសត្វព្រៃនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណា។ នេះក៏ដោយសារថា សត្វព្រៃដែលត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាអាហារ អាចជាប្រភពនៃការផ្ទុះឡើងដំបូងនៃវីរុសនេះ។ ក្រសួងបានហាមឃាត់ការធ្វើពាណិជ្ជកម្មសត្វព្រៃទាំងអស់ មិនថានៅរស់ ឬងាប់ នៅតាមបណ្តាទីផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន និងពាណិជ្ជកម្មតាមអេឡិចត្រូនិក ក៏ដូចជាការដឹកជញ្ជូនសត្វព្រៃផ្សេងៗទៀត។ ពួកគេ៏បានដាក់ពង្រាយឱ្យមានការតាមដាន នៅតាមទីតាំងដែលធ្លាប់មានលក់សត្វព្រៃទាំងអស់នោះដែរ។

ទីផ្សារគ្រឿងសមុទ្រចំនួនពីរនៅក្នុងទីក្រុងវូហាន ដែលជាទីក្រុងមានឧស្សាហកម្មធំមួយរបស់ប្រទេសត្រូវបានគេជឿថា ជាចំណុចចាប់ផ្តើមនៃការផ្ទុះវីរុសនេះចាប់តាំងពីចុងឆ្នាំ២០១៩ ដែលមានមនុស្សជាង ៥០នាក់ បានស្លាប់នៅក្នុងប្រទេសចិន (ជាង១០០តាមរបាយការណ៍ចុងក្រោយ)។ វីរុសបង្កឱ្យមានរោគសញ្ញាដូចជាជំងឺផ្តាសាយ ហើយអាចចម្លងបានរវាងមនុស្សនិងមនុស្ស។ ប្រភេទសត្វពិតប្រាកដដែលចម្លងការឆ្លងទៅមនុស្សមិនទាន់ត្រូវបានគេស្គាល់នៅឡើយទេ ប៉ុន្តែសត្វប្រចៀវ និងពស់ត្រូវបានគេកំពុងសង្ស័យ។
កាលពីព្រឹកថ្ងៃអង្គារនេះក្រសួងបានបញ្ជាឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើសត្វព្រៃ ដោយផ្តោតលើទីក្រុងវូហាន ប៉ុន្តែបានបញ្ឈប់ការហាមឃាត់ការទិញដូរជាដាច់ខាតនៅទូទាំងប្រទេស។ គួរឱ្យដឹងដែរថា ម្ហូបធ្វើពីសត្វព្រៃត្រូវបានគេចាត់ទុកថា ជាអាហារឆ្ងាញ់នៅតាមតំបន់ជាច្រើននៃប្រទេសចិន ហើយមានតំបន់ខ្លះក៏ឈប់បរិភោគដូចជានៅប៉េកាំង ប៉ុន្តែតំបន់ខ្លះនៅតែមានតម្រូវការខ្ពស់។ ការពិតទៅចិនក៏មានច្បាប់ស្តីពីការផ្តល់សិទ្ធិ ការហាមឃាត់ការធ្វើពាណិជ្ជកម្មសត្វ និងការរឹតបន្តឹងផ្សេងទៀត ប៉ុន្តែជារឿយៗវាមិនត្រូវបានឈ្មួញអើពើ ឬចៀសវាងការជួញដូរនេះទេ។
ទីក្រុងប៉េកាំងត្រូវបានគេរិះគន់ចំពោះការខកខានរបស់ខ្លួនក្នុងការទប់ស្កាត់ការអនុវត្តនេះ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត SARS កាលពីឆ្នាំ ២០០២-២០០៣ ដែលទាក់ទងនឹងការប្រើប្រាស់សត្វព្រៃនៅភាគខាងត្បូងទីក្រុងក្វាងចូវ។ ការឆ្លងនោះបានរាលដាលដល់មនុស្សជាង ៨,០០០នាក់ នៅក្នុង ១៧ប្រទេស ហើយបានសម្លាប់មនុស្សជិត ៨០០នាក់៕



អត្ថបទ៖ លីដា