ខណៈករណីវីរុសកូរ៉ូណាកាន់តែកើនច្រើនឡើង ប្រទេសចិនបញ្ជាក់ថាពួកគេកំពុងមានបញ្ហាកង្វះការផ្គត់ផ្គង់វេជ្ជសាស្រ្ត
បន្ទាប់ពីអាជ្ញាធរចិនបានបញ្ជាក់កាលពីព្រឹកមិញពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅប្រទេសចិន ដែលបានកើនឡើងដល់ ១០៦នាក់ និងករណីឆ្លងជំងឺថ្មីជិត ១,៧៧១ករណី រួចហើយនោះ មកទល់ពេលនេះចិនបានប្រកាសថា ខ្លួនកំពុងខ្វះខាតការផ្គត់ផ្គង់ផ្នែកវិញវេជ្ជសាស្រ្ត។ យោងតាមអនុប្រធានការិយាល័យរដ្ឋបាលវេជ្ជសាស្ត្រ NHC លោកស្រី Jiao Yahui ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងបានឲ្យដឹងថា កង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រ គឺជាឧបសគ្គដ៏ធំមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការទប់ស្កាត់ការផ្ទុះឡើង និងព្យាបាលអ្នកឆ្លង។

លោកស្រីបានបន្តទៀតថា នៅពេលនេះប្រទេសចិនបានបញ្ជូនបុគ្គលិកពេទ្យប្រមាណ ៦,០០០នាក់ ពីជុំវិញប្រទេសទៅកាន់ខេត្ត Hubei ដោយបុគ្គលិកពេទ្យនៅទីនោះមានជាង ៤,០០០នាក់ ហើយពេទ្យចំនួន ១,៨០០នាក់ទៀត នឹងមកដល់តំបន់នោះនៅល្ងាចនេះផងដែរ ដើម្បីធ្វើការនៅទីក្រុងចំនួន ៧ កន្លែងផ្សេងទៀតនៅក្នុងខេត្ត។ ជាមួយគ្នានេះដែរបើទោះបីជាទីក្រុង វូហាន (Wuhan) មានគ្រែមន្ទីរពេទ្យជាង ១០,០០០ ដែលអាចផ្គត់ផ្គង់សម្រាប់អ្នកជំងឺដែលបន្តកើនឡើងកាន់តែច្រើនយ៉ាងណាក្ដី ប៉ុន្តែបុគ្គលិក និងសម្ភារមានការខ្វះខាត ពោលគឺពួកគេខ្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដូចជាសម្លៀកបំពាក់ការពារជាដើម។
ដោយការកង្វះសម្លៀកបំពាក់ការពារ គឺជាបញ្ហាដែលត្រូវបានគេកំពុងព្រួយបារម្ភ ដែលធ្វើឲ្យបុគ្គលិកពេទ្យខ្លះមិនអាចទៅដល់ជួរមុខបានទេ។ គួររំលឹកផងដែរថាវីរុសកូរ៉ូណាអាចឆ្លងតាមរយៈការប៉ះពាល់រាងកាយ ក្រៅពីតាមរយៈខ្យល់ដង្ហើម ហើយវីរុសនេះអាចឆ្លងទៅកុមារ និងទារក ប៉ុន្តែរោគសញ្ញាដែលកើតមានមិនធ្ងន់ធ្ងរដូចចាស់ជរានោះទេ៕



អត្ថបទ៖ លីនី