អន្តរជាតិ
ជប៉ុនរកឃើញករណីបញ្ជាក់នៃជំងឺផ្លូវដង្ហើមថ្មី ២បន្ថែមទៀត ហើយម្នាក់ក្នុងចំណោមពួកគេមិនដែលទៅក្រុងវូហាននោះទេ
BY autoadmin
January 28, 2020
រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato បានប្រកាសថា មានមនុស្ស ២នាក់ទៀតហើយ ដែលត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសកូរ៉ូណាថ្មីនៅប្រទេសជប៉ុន។ លោក Katsunobu Kato បាននិយាយនៅថ្ងៃអង្គារនេះថា ម្នាក់ក្នុងចំណោមពួកគេគ្មានកំណត់ត្រានៃការស្នាក់នៅក្នុងទីក្រុងវូហាននៃខេត្តហ៊ូប៉ី របស់ប្រទេសចិននោះទេ ដែលទីនោះជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះ។ អ្នកជំងឺម្នាក់នោះគឺជាមនុស្សដំបូងគេដែលត្រូវបញ្ជាក់ថាបានឆ្លងមេរោគ បើទោះបីជាមិនមានកំណត់ត្រាស្នាក់នៅក្នុងទីក្រុងវូហានក៏ដោយ។ លោក Katsunobu Kato ក៏បាននិយាយផងដែរថា ជនរងគ្រោះគឺជាអ្នកបើកឡានក្រុងនៅខេត្តណារ៉ា ប្រទេសជប៉ុន ហើយគាត់បានបើកឡានដឹកភ្ញៀវទេសចរមកពីវូហានចំនួនពីរដងនៅក្នុងខែមករា។ ដូច្នេះចំនួនអ្នកជំងឺដែលត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៦នាក់ហើយ គិតមកទល់ពេលនេះ៕




អត្ថបទ៖ លីដា