សត្វកណ្តូបរាប់លានក្បាលវាយប្រហារនៅតំបន់អាហ្វ្រិកខាងកើត ហិនហោចដំណាំរាប់ម៉ឺនហិចតា
ដើមឆ្នាំ ២០២០ នេះ ពិភពលោកទាំងមូលហាក់ជួបហេតុការណ៍អាក្រក់ៗជាបន្តបន្ទាប់ មានដូចជាករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ផ្ទុះភ្នំភ្លើង Taal នៅក្នុងប្រទេសហ្វីលីពីន ទឹកជំនន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងករណីផ្ទុះការរាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណានៅក្នុងប្រទេសចិនដើម។ ស្របពេលតែប្រទេសនៅតំបន់អាស៊ី កំពុងតែជួបប្រទះបញ្ហាទាំងនេះ ប្រទេសនៅតំបន់អាហ្វ្រិកខាងកើតឯណោះវិញក៏កំពុងតែរងទុកយ៉ាងខ្លាំងដែរ ក្រោយមានហ្វូងសត្វកណ្ដូបរាប់លានក្បាលបានចេញមកស្របពេលគ្នា និងនាំគ្នាស៊ីផលដំណាំរបស់ក្រុមកសិករហិនហោចខ្ទេចខ្ទី។
បើយោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា សត្វកណ្តូបរាប់លានក្បាលចេញមកព្រមគ្នា ហើរនៅលើផ្ទៃអាកាសក្នុងប្រវែងប្រមាណជា ១៥០ គីឡូម៉ែត្រ ជារៀងរាល់ថៃ្ង ហើយពួកវាបានចុះមកស៊ីដំណាំដូចជាពោត ល្ពៅ និងសណ្តែករបស់ប្រជាកសិករយ៉ាងគំហុក ហើយបរិមាណដំណាំដែលពួកវាបានស៊ីក្នុងមួយថ្ងៃនោះ បើអ្នកជំនាញធ្វើការប្រៀបធៀបទៅគឺស្មើនឹងបរិមាណអាហារសម្រាប់ផ្គត់ផ្គង់មនុស្សចំនួន ៣៥ ០០០ នាក់ក្នុងមួយថ្ងៃដូចគ្នាដែរ។
ប្រទេសដែលកំពុងទទួលរងការគំរាមគំហែងដោយហ្វូងសត្វកណ្តូបនេះមានដូចជា ប្រទេសសុម៉ាលី អេត្យូពី និងកេនយ៉ា ក្នុងនោះកេនយ៉ាជាប្រទេសដែលរងនូវផលប៉ះពាល់ជាងគេ ដោយគិតមកទល់នឹងពេលនេះផលដំណាំក្នុងផ្ទៃដីប្រមាណជា ៧០ ០០០ ហិចតា ក្នុងប្រទេសកេនយ៉ាត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ហើយដោយហ្វូងសត្វកណ្ដូប។ សូមបញ្ជាក់ជូនថា ករណីចម្លែកដូចខាងលើនេះពុំដែលធ្លាប់កើតមានទាល់តែសោះក្នុងតំបន់អាហ្វ្រិកខាងកើតក្នុងរយៈពេល ៧០ ចុងក្រោយនេះ ហើយករណីដូចគ្នានេះដែលបានកើតឡើងកាលពី ៧០ មុននោះ ក៏មិនធ្ងន់ធ្ងរដូចលើកនេះដែរ៕

Kenya as been invade by desert locust
these are the effects of climate change we aren’t ready to deal with.nor are we ready to mitigate or prevent the unimaginable cruelty that will be done to people fleeing them #ClimateChangeIsReal @AlexandriaV2005 @Earth_Uprising pic.twitter.com/KarTd2iEme
— kevin mtai (@KevinKevinmtai) January 27, 2020
អត្ថបទ៖ភក្តី





