ទីក្រុងបាងកក ឈរលំដាប់លេខ១ ជាទីក្រុងរងការគំរាមកំហែងពីវីរុសកូរ៉ូណាខ្លាំងជាងគេបំផុត ព្រោះប្រទេសនេះសំបូរភ្ញៀវទេសចរចិន
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ទីក្រុងបាងកកប្រឈមមុខនឹងការគំរាមកំហែងខ្លាំងជាងគេបំផុត ចេញពីវីរុសកូរ៉ូណា ដែលឆ្លងរាលដាលពីប្រទេសចិន។ អ្នកសិក្សានៅសាកលវិទ្យាល័យ Southampton ថ្ងៃនេះបានប្រើប្រាស់ទិន្នន័យធ្វើដំណើរ ដើម្បីស្វែងរកទីក្រុងណាដែលនៅជុំវិញពិភពលោក ដែលទំនងជានឹងជួបករណីនាពេលអនាគត។ ក្នុងនោះក្រុមអ្នកស្រាវជ្រាវបានព្រមានថា ទីក្រុងឡូសអាន់ជឺឡេស និងញូវយ៉ក ស្ថិតក្នុងលំដាប់កំពូលទាំង ២០ និងទីក្រុងឡុងដ៍ គឺមានហានិភ័យច្រើនជាងទីក្រុងដទៃទៀតនៅអឺរ៉ុប។ ទីក្រុងប៉ារីសស្ថិតនៅលំដាប់ទី២៧ ក្នុងបញ្ជី ហើយហ្វ្រែងហ្វើត ស្ថិតក្នុងលំដាប់ទី៣០ បើទោះបីជាមានករណីជាច្រើនត្រូវបានបញ្ជាក់នៅក្នុងប្រទេសបារាំង និងអាល្លឺម៉ង់រួចហើយក្ដី។

មនុស្ស ៥នាក់ នៅអាមេរិកកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ប៉ុន្តែមិនទាន់មានករណីបញ្ជាក់នៅចក្រភពអង់គ្លេសនៅឡើយទេ។ ក្រសួងសុខាភិបាលចក្រភពអង់គ្លេសនៅថ្ងៃនេះបានបញ្ជាក់ថា មនុស្សជិត ១០០នាក់ ត្រូវបានគេធ្វើតេស្តរកមើលវីរុសកូរ៉ូណា។ ពួកគេទាំងអស់សុទ្ធតែធ្វើតេស្តអវិជ្ជមាន ប៉ុន្តែនាយកសុខភាពសាធារណៈអង់គ្លេសបាននិយាយថា វីរុសនេះមានរួចហើយនៅចក្រភពអង់គ្លេស។ រហូតមកដល់ពេលនេះវីរុសនេះបានឆ្លងរាលដាលដល់ប្រទេសចំនួន ១៧ ក្រៅពីប្រទេសចិនដីគោក ប៉ុន្តែអ្នកជំនាញបាននិយាយថា ការឆ្លងជាសកលនឹងបន្តកើតមាន។
របាយការណ៍របស់ក្រុមការងារក៏បានរកឃើញថា ទីក្រុងបាងកកនៅក្នុងប្រទេសថៃស្ថិតនៅក្រោមការគំរាមកំហែងដ៏ធំបំផុត ដោយផ្អែកលើចំនួនអ្នកដំណើរតាមផ្លូវអាកាសដែលភាគច្រើនសុទ្ធតែមកពីចិន ហើយប្រទេសថៃផ្ទាល់មានករណីឆ្លងវីរុសកូរ៉ូណារហូតដល់ ១៤ករណី ដែលត្រូវបានបញ្ជាក់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃគឺលោក Anutin Charnvirakul បានទទួលស្គាល់ថា ប្រទេសនេះមិនអាចបញ្ឈប់ការរីករាលដាលនៃមេរោគនេះបានទេ ពីព្រោះមានអ្នកទេសចរចិនជាច្រើននៅទីនោះ។ ចំណែកទីក្រុងហុងកុងស្ថិតនៅលំដាប់ទី២ នៅក្នុងបញ្ជីដែលរងការគំរាមកំហែង បន្ទាប់មកគឺទីក្រុងតៃប៉ិ ដែលជារដ្ឋធានីរបស់កោះតៃវ៉ាន់ និងទីក្រុងសេអ៊ូលនៅប្រទេសកូរ៉េខាងត្បូង។ ស៊ីដនី និងមែលប៊ន នៅអូស្រ្តាលីជាប់លេខ១២ និងទី១៤ ទីក្រុងឡូសអាន់ជឺឡេស ទី១៥ ញូវយ៉ក ទី១៦ ឌូបៃ ទី១៧ និងទីក្រុងឡុងទី១៩៕






អត្ថបទ៖ លីដា