ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខណៈប្រទេសចិនផ្ទុះវីរុសកូរ៉ូណា នៅប្រទេសនីហ្សេរីយ៉ាផ្ទុះគ្រុនក្តៅ Lassa ជាថ្មី និងសម្លាប់មនុស្សរាប់សិបនាក់

    BY autoadmin January 29, 2020
    ខណៈប្រទេសចិនផ្ទុះវីរុសកូរ៉ូណា នៅប្រទេសនីហ្សេរីយ៉ាផ្ទុះគ្រុនក្តៅ Lassa ជាថ្មី និងសម្លាប់មនុស្សរាប់សិបនាក់

    អាជ្ញាធរនីហ្សេរីយ៉ាបានប្រកាសពីវិធានការណ៍បន្ទាន់បន្ថែមទៀត ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃគ្រុនក្តៅឡាសា (Lassa) នៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីនៅក្នុងខែនេះមានអ្នកស្លាប់ដោយសារជំងឺ ២៩នាក់ រួចមកហើយ។ មជ្ឍមណ្ឌលគ្រប់គ្រងជំងឺនីហ្សេរីយ៉ា (NCDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ មានករណីចំនួន ១៩៥ ដែលបានបញ្ជាក់ និងការស្លាប់ចំនួន ២៩ ត្រូវបានរាយការណ៍ នៅក្នុងរដ្ឋចំនួន១១។ មជ្ឈមណ្ឌលក៏កំពុងបង្កើនសកម្មភាពរបស់ខ្លួន ដើម្បីសម្របសម្រួលការឆ្លើយតបចំពោះការកើនឡើងនៃករណីគ្រុនឡាសានៅទូទាំងប្រទេសផងដែរ។

    តើគ្រុនឡាសាគឺជាអ្វី? គ្រុនក្តៅឡាសាគឺជាគ្រុនក្តៅហៀរសំបោរ។ វាជាក្រុមគ្រួសារដូចគ្នានឹងវីរុសអេបូឡា (Ebola) និងម៉ាកប៊ឺក (Marburg) ប៉ុន្តែវាមានគ្រោះថ្នាក់តិចជាង។ ជំងឺនេះឆ្លងរាលដាលដល់ប្រទេសអាហ្វ្រិកខាងលិច ហើយឈ្មោះរបស់វាគឺមកពីទីក្រុងឡាសានៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដែលជាកន្លែងដែលវាត្រូវបានគេកំណត់អត្តសញ្ញាណដំបូងនៅឆ្នាំ១៩៦៩។ កាលពីមុនករណីនៃជំងឺនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសសៀរ៉ាឡេអូន លីបេរីយ៉ា តូហ្គោ និងបេនីន ដែលវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ ក្នុងឆ្នាំ២០១៦។

    តើវារីករាលដាលយ៉ាងដូចម្តេច? វីរុសនេះត្រូវបានចម្លងទៅមនុស្សពីការទាក់ទងជាមួយអាហារ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះ ដែលមានផ្ទុកទៅដោយលាមក ឬទឹកនោមកណ្តុរ។ ជំងឺនេះមានការរីករាលដាលនៅក្នុងចំណោមកណ្ដុរនៅផ្នែកខ្លះនៃអាហ្វ្រិកខាងលិច។ វីរុសនេះមានរយៈពេលកកើតចន្លោះពី ៦ ទៅ ២១ថ្ងៃ ហើយវាក៏អាចចម្លងតាមរយៈការទំនាក់ទំនងជាមួយមនុស្ស ដែលឆ្លងតាមរយៈអង្គធាតុរាវ និងកាកសំណល់ពីមនុស្ស ដូចជាឈាម ទឹកនោម ទឹកមាត់ ទឹកកាម កម្អួត និងលាមក។

    រោគសញ្ញា និងការព្យាបាល មាន ៨០% នៃករណីគ្រុនឡាសា គឺមិនមានបញ្ចេញអាការៈនោះទេ (asymptomatic) ប៉ុន្តែសម្រាប់អ្នកខ្លះ វាអាចបណ្តាលឱ្យការហត់នឿយរាងកាយ ចង្អោរ ក្អួត រាក ឈឺក្បាល ឈឺពោះ ឬឈឺបំពង់ក។ ជួនកាលការហើមក ឬមុខក៏មាន៕

    អត្ថបទ៖ លីដា

    Share This Post: