សាស្រ្តាចារ្យនៅសកលវិទ្យាល័យហាវ៉ាដម្នាក់ ត្រូវរដ្ឋាភិបាលអាមេរិកចាប់ខ្លួនពីបទលាក់បាំងទំនាក់ទំនងជាមួយចិន
សាស្រ្តាចារ្យនៅសកលវិទ្យាល័យហាវ៉ាដម្នាក់ត្រូវបានចាប់ខ្លួន ពីបទនិយាយកុហករដ្ឋាភិបាលអាមេរិកអំពីទំនាក់ទំនងរបស់គាត់ ជាមួយរដ្ឋាភិបាលចិន និងសាកលវិទ្យាល័យចិន។ ជនសង្ស័យជាសាស្រ្តាចារ្យនោះឈ្មោះថា Charles Lieber គាត់ជាប្រធានមន្ទីរគីមីវិទ្យា និងជីវវិគីមីវិទ្យា នៃសាកសវិទ្យាល័យហាវ៉ាដ និងជាអ្នកជំនាញខាងបច្ចេកវិទ្យាណាណូ។ ក្រសួងយុត្តិធម៌អាមេរិកនិយាយថា លោក Charles Lieber បានទទួលថវិកាជាង ១៨លានដុល្លារ ពីក្រសួងការពារជាតិ និងវិទ្យាស្ថានសុខភាពជាតិអាមេរិក ដើម្បីធ្វើការស្រាវជ្រាវទាក់ទងនឹងយោធា និងការស្រាវជ្រាវដទៃទៀត ប៉ុន្តែស្របគ្នានេះគាត់ក៏មានទំនាក់ទំនងជាមួយចិន។

មន្ត្រីយុត្តិធម៌និយាយថា លោក Lieber បានបង្កើតមន្ទីរពិសោធន៍ស្រាវជ្រាវរួមគ្នា សម្រាប់បច្ចេកវិទ្យាណាណូ នៅសាកលវិទ្យាល័យបច្ចេកវិទ្យាវូហាន នៅខេត្តហ៊ូប៉ី ប្រទេសចិន។ គាត់ត្រូវបានគេដឹងថា បានចុះកិច្ចសន្យាជាមួយសាកលវិទ្យាល័យយ៉ាងហោចណាស់រយៈពេល ៦ឆ្នាំ ទទួលបានប្រាក់ខែ ៥០,០០០ដុល្លារ/ខែ និងចំណាយក្នុងការរស់នៅប្រហែល ១៥០,០០០ដុល្លារ/ឆ្នាំ ហើយក៏ទទួលបានរង្វាន់ ១.៥លានដុល្លារ ពីប្រទេសចិនផងដែរ។ នាយកដ្ឋានយុត្តិធម៌និយាយថា លោក Charles Lieber ក៏ជាអ្នកចូលរួមកិច្ចសន្យានៅក្នុងគម្រោងទេពកោសល្យរបស់ចិន ដែលត្រូវបានរចនាឡើងដើម្បីជ្រើសរើសពលករបរទេសដែលមានទេពកោសល្យ។ លោក Lieber ត្រូវបានគេចោទប្រកាន់ថា បានលាក់បាំងទំនាក់ទំនងរបស់លោកជាមួយប្រទេសចិនពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ជាក់ស្ដែងច្បាប់របស់សហរដ្ឋអាមេរិកបានចែងថា មនុស្សដែលមានចេតនាធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់រដ្ឋាភិបាល គឺត្រូវទទួលទោសព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះគឺជាផ្នែកមួយនៃការបង្ក្រាបរបស់ក្រសួងយុត្តិធម៌អាមេរិក ដើម្បីតាមចាប់ជនណាដែលផ្តល់បច្ចេកវិទ្យារបស់សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវអាមេរិកទៅឱ្យបរទេសដើម្បីជាថ្នូរនឹងប្រាក់ចំណេញរបស់ខ្លួន៕

អត្ថបទ៖ លីដា