ចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃនេះ បញ្ចប់សមាជិកភាព ៤៧ឆ្នាំរបស់ខ្លួន
ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃសុក្រនេះ ដោយបញ្ចប់សមាជិកភាព ៤៧ឆ្នាំរបស់ខ្លួន។ បន្ទាប់មកចក្រភពអង់គ្លេសនឹងចូលក្នុងដំណាក់កាលផ្លាស់ប្តូររយៈពេល ១១ខែ ក្នុងអំឡុងពេលដែលភាគីទាំងពីរនឹងព្យាយាមឯកភាពគ្នា លើរបៀបដែលទំនាក់ទំនងថ្មីនឹងដំណើរការ។ ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅម៉ោង ១១យប់ ម៉ោងក្នុងស្រុក។ វាជាប្រទេសដំបូងគេដែលចាកចេញពីសហភាពនេះ ដែលធ្វើឱ្យចំនួនរដ្ឋជាសមាជិកធ្លាក់ចុះដល់ ២៧។ នាយករដ្ឋមន្រ្តី Boris Johnson បានសាទរការចាកចេញដោយជោគជ័យនេះ ហើយថាវាជាពេលវេលាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស។

ការរាប់ថយក្រោយដល់ម៉ោង ១១យប់ នឹងត្រូវបញ្ចាំងលើជញ្ជាំងនៃគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្រ្តី។ រដ្ឋាភិបាលនឹងកត់សម្គាល់ការចាកចេញពីសហភាព ដោយចេញឱ្យប្រើកាក់ ៥០សេនថ្មី។ កាក់នោះនឹងមានអក្សរចារឹកថា «សន្តិភាព វិបុលភាព និងមិត្តភាព ជាមួយប្រជាជាតិទាំងអស់»។ រយៈពេលនៃការផ្លាស់ប្តូរចាប់ផ្តើមភ្លាមៗ ប៉ុន្តែការពិតវានឹងមានការផ្លាស់ប្តូរតិចតួច។ ចក្រភពអង់គ្លេសនឹងនៅតែស្ថិតក្នុងទីផ្សារតែមួយរបស់សហភាពអឺរ៉ុប គោរពច្បាប់របស់ខ្លួន និងចូលរួមវិភាគទានប្រាក់។ ក្នុងរយៈពេល ១១ខែ ចក្រភពអង់គ្លេស និងសហគមន៍អ៊ឺរ៉ុប នឹងត្រូវធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ហើយកិច្ចព្រមព្រៀងបែបនេះច្រើនតែចំណាយពេលរាប់ឆ្នាំដើម្បីចរចា៕


អត្ថបទ៖ លីដា