ប្រទេសអេស្ប៉ាញរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាដំបូង ហើយគាត់មិនមែនជាជនជាតិចិននោះទេ
អេស្ប៉ាញ៖ ក្រសួងសុខាភិបាលបាននិយាយនៅល្ងាចថ្ងៃសុក្រថា ប្រទេសអេស្បាញបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាដំបូងបង្អស់របស់ខ្លួន បន្ទាប់ពីបុរសម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យវិជ្ជមាន នៅលើកោះ La Gomera ដាច់ស្រយាលមួយរបស់ប្រទេស។ ក្រសួងបាននិយាយថា អ្នកជំងឺគឺជាសមាជិកម្នាក់នៃក្រុមមនុស្ស ៥នាក់ ដែលត្រូវបានគេយកទៅសង្កេតនៅលើកោះ និងដាក់ឱ្យដាច់ឆ្ងាយពីគេកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគេបានរកឃើញថា ពួកគេមួយចំនួនបានទាក់ទងជាមួយបុរសជនជាតិអាល្លឺម៉ង់ម្នាក់ផ្សេងទៀត ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះ។ ការធ្វើរោគវិនិច្ឆ័យពីមជ្ឈមណ្ឌលជាតិមីក្រូជីវសាស្រ្តរបស់អេស្បាញបានកើតឡើងភ្លាមៗ បន្ទាប់ពីយន្ដហោះដឹកក្រុមជនជាតិអ៊ឺរ៉ុបចំនួន ២៧ក្រុម ចេញពីទីក្រុងវូហានប្រទេសចិនបានចុះចតនៅទីក្រុងម៉ាឌ្រីដ។

ក្រសួងសុខាភិបាលបាននិយាយថា មិនមានជនជាតិអេស្បាញដែលចេញក្រៅប្រទេសបង្ហាញរោគសញ្ញានៃវីរុសនោះទេ ប៉ុន្តែពួកគេនឹងត្រូវបានទុកនៅមន្ទីរពេទ្យយោធាមួយក្នុងទីក្រុងម៉ាឌ្រីដ ហើយត្រូវបានធ្វើការត្រួតពិនិត្យរយៈពេល ១៤ថ្ងៃ។ ពលរដ្ឋដាណឺម៉ាក ៤នាក់ និងន័រវេសម្នាក់ដែលជិះលើយន្ដហោះនឹងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Salvador Illa នឹងធ្វើជាប្រធានកិច្ចប្រជុំនៅថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាពីការឆ្លើយតបរបស់ប្រទេសអេស្ប៉ាញចំពោះការផ្ទុះឡើងនៃវីរុសនេះ។ អង្គការសុខភាពពិភពលោកបានប្រកាសពីការរាតត្បាតនេះថា ជាការអាសន្នជាអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ ដោយមានករណីជាច្រើនត្រូវបានបញ្ជាក់នៅក្នុងប្រទេសជិត ២០ រួមមានសហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់៕


អត្ថបទ៖ លីដា