នៅចិនសត្វឆ្កែ និងឆ្មា ត្រូវបានម្ចាស់នាំគ្នាសម្លាប់ចោល ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា
ចិន៖ វាហាក់ដូចជាមិនថាបញ្ហាអ្វីដែលមនុស្សយើងជួបប្រទះ មិត្តរបស់យើងក៏នឹងរងទុក្ខតាមដែរ។ ជាការពិតណាស់ក្នុងកំឡុងពេលដ៏គួរឱ្យកង្វល់នេះ មនុស្សភាគច្រើនមានការភ័យខ្លាច ប៉ុន្តែអ្នកខ្លះទៀតភ័យជ្រុល! ភ័យសូម្បីតែសត្វចិញ្ចឹមខ្លួនឯងក៏ខ្លាច។ យោងតាម The Sun បានឱ្យដឹងថា ម្ចាស់សត្វចិញ្ចឹមមួយចំនួននៅប្រទេសចិន បានសម្លាប់សត្វចិញ្ចឹមរបស់ខ្លួនឯង ដោយសារជឿតាមពាក្យចចាមអារាមថា សត្វចិញ្ចឹមក៏អាចចម្លងមេរោគកូរ៉ូណាបានដែរ។ ដូចរូបភាពនៅខាងក្រោមនេះអាចឱ្យយើងឃើញថា សត្វឆ្មា និងឆ្កែ ត្រូវបានគេបោះចេញពីលើអគារ ហើយស្លាប់់យ៉ាងគួរឱ្យអាសូរបំផុត។

ការភ័យស្លន់ស្លោនេះបណ្តាលមកពីសេចក្តីថ្លែងការណ៍របស់លោកវេជ្ជបណ្ឌិត Li Lanjuan ដែលដើមឡើយបាននិយាយថា ប្រសិនបើសត្វចិញ្ចឹមមានទំនាក់ទំនងជាមួយមនុស្សដែលមានវីរុស នោះសត្វចិញ្ចឹមគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីឱ្យមានសុវត្ថិភាព។ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនមួយក្តាប់តូច ដែលនាំឱ្យមានការសម្លាប់សត្វចិញ្ចឹមរបស់ពួកគេយ៉ាងសាហាវ ខណៈមានមនុស្សផ្សេងទៀតទិញម៉ាសឱ្យសត្វពាក់ដែរជាដើម។ រឿងនេះវាបានធ្វើឱ្យមានកំហឹងពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយយើងសង្ឃឹមថា មិនមានសត្វចិញ្ចឹមផ្សេងទៀត ត្រូវបានម្ចាស់ខ្លួនឯងសម្លាប់ទៀតទៅចុះ។ មិនថាជាសត្វ ឬមនុស្ស សុទ្ធតែចង់រស់ទាំងអស់ ដូច្នេះយើងមិនគួរណាធ្វើដាក់ពួកវាបែបនេះទេ៕



អត្ថបទ៖ លីដា