ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមអនុញ្ញាតឲ្យអ្នកមានវីរុសកូរ៉ូណាម្នាក់ទៅផ្ទះវិញនៅថ្ងៃនេះ បន្ទាប់ពីនាងបានជាសះស្បើយ ហើយធ្វើតេស្តថែម ២ដងទៀត ឃើញថាអវិជ្ជមាន

    BY autoadmin February 3, 2020
    វៀតណាមអនុញ្ញាតឲ្យអ្នកមានវីរុសកូរ៉ូណាម្នាក់ទៅផ្ទះវិញនៅថ្ងៃនេះ បន្ទាប់ពីនាងបានជាសះស្បើយ ហើយធ្វើតេស្តថែម ២ដងទៀត ឃើញថាអវិជ្ជមាន

    វៀតណាម៖ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានប្រកាសថា នាងបានរួចផុតពីការឆ្លងវីរុសកូរ៉ូណាហើយ។ ស្ត្រីម្នាក់នោះមានឈ្មោះថា ​Nguyen Thu Trang អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្ត Thanh Hoa នៅភាគខាងជើងប្រទេសវៀតណាម ហើយគាត់បានចេញពីមន្ទីរពេទ្យនៅព្រឹកថ្ងៃច័ន្ទនេះផ្ទាល់។ ស្ត្រីរូបនេះជាអ្នកធ្វើការឱ្យក្រុមហ៊ុន Nihon Plast ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ហើយគាត់បានឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីគាត់បានទៅធ្វើសិក្ខាសាលានៅទីក្រុង Wuhan ខេត្ត Hubei រយៈពេល ២ខែ។

    លោកវេជ្ជបណ្ឌិត Nguyen Van Sy ប្រធានមន្ទីរពេទ្យដែលបានសង្គ្រោះស្ត្រីរងគ្រោះបានមានប្រសាសន៍ថា៖ «អ្នកជំងឺមិនមានគ្រុនក្តៅអស់រយៈពេល ៦ថ្ងៃជាប់ៗគ្នា ហើយសុខភាពរបស់នាងឥឡូវស្ថិតក្នុងស្ថេរភាពល្អ។ ការធ្វើតេស្តថ្មីចំនួន ២ដងលើគាត់ ដើម្បីរកមើលវីរុសនេះគឺបានបង្ហាញលទ្ធផលអវិជ្ជមាន» ដូច្នេះបានន័យថារូបគាត់លែងមានវីរុសកូរ៉ូណាទៀតហើយ។ គួរឱ្យដឹងដែរថា Nguyen Thu Trang គឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកវៀតណាម ៤នាក់ នៃក្រុមហ៊ុន Nihon Plast ដែលបានឆ្លងវីរុសនេះ។ ប៉ុន្តែយ៉ាងណាមានតែនាង Nguyen Thu Trang ដែលបានជាសះស្បើយពីវីរុស ខណៈ ៣នាក់ ផ្សេងទៀតនៅកំពុងសម្រាកព្យាបាលដាក់ដោយឡែកនៅឡើយ។

    បុគ្គលិកទាំង ៤នាក់ ដែលបានឆ្លងស្ថិតក្នុងចំណោមបុគ្គលិក ៨នាក់ ដែលបានបញ្ជូនទៅ Wuhan ដើម្បីសិក្សាបន្ថែម នៅក្រុងវូហាន។ ពួកគេបានត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនខាងត្បូង (CZ8315) នៅថ្ងៃទី១៧ ខែមករា។ ខណៈពេលនេះ Nguyen Thu Trang ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ចំណែក ៣នាក់ទៀត នៅតែស្ថិតក្នុងការព្យាបាល និងត្រូវបានគេដាក់ដោយឡែក។ ទន្ទឹមនឹងនេះដែរមានជនជាតិចិន ២នាក់ គឺលោក Li Zichao និងឪពុករបស់លោកឈ្មោះ Li Ding អាយុ ៦៦ឆ្នាំ ដែលជាអ្នកឆ្លងវីរុសកូរ៉ូណា (NCoV) ដំបូងបង្អស់នៅវៀតណាម កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Cho Ray ក្នុងទីក្រុងហូជីមិញ៕

    អត្ថបទ៖ លីដា

    Share This Post: