ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនបញ្ជាឱ្យបិទជើងហោះហើរទាំងអស់ ដែលចេញពីប្រទេសចិន ហុងកុង និងម៉ាកាវ ដើម្បីការពារការរាលដាលនៃវីរុសកូរ៉ូណា

    BY autoadmin February 3, 2020
    ហ្វីលីពីនបញ្ជាឱ្យបិទជើងហោះហើរទាំងអស់ ដែលចេញពីប្រទេសចិន ហុងកុង និងម៉ាកាវ ដើម្បីការពារការរាលដាលនៃវីរុសកូរ៉ូណា

    រាល់ជើងហោះហើរទាំងអស់ដែលចេញមកពីប្រទេសចិន ហុងកុង និងម៉ាកាវ ត្រូវបានហាមឃាត់ពីប្រទេសហ្វីលីពីន បន្ទាប់ពីទីក្រុងម៉ានីលបានរាយការណ៍ពីការស្លាប់របស់អ្នកមានផ្ទុកវីរុសកូរ៉ូណាកាលពីម្សិលមិញ ដែលជាករណីស្លាប់ដំបូងនៃជំងឺនៅខាងក្រៅប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយលេខាធិការប្រតិបត្តិលោក Salvador Medialdea កាលពីម្សិលមិញ លោកប្រធានាធិបតី Rodrigo Duterte បានហាមឃាត់ការចូលមកជាផ្លូវការដល់អ្នកណាម្នាក់ដែលធ្វើដំណើរមកកាន់ហ្វីលីពីន ពីផ្នែកណាមួយនៃប្រទេសចិន ក៏ដូចជាអ្នកដែលបានទៅទស្សនាប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក លើកលែងតែពលរដ្ឋ និងអ្នករស់នៅជាអចិន្ត្រៃយ៍នៅហ្វីលីពីន។

    រដ្ឋាភិបាលក៏បានបញ្ជាឱ្យជនភៀសខ្លួនហ្វីលីពីនដែលវិលត្រឡប់មកវិញ ឬអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ ដែលបានទៅប្រទេសចិន ហុងកុង និងម៉ាកាវ ត្រូវពិនិត្យមើលដោយឡែករយៈពេល ១៤ថ្ងៃ។ លោក Duterte ក៏បានហាមឃាត់ប្រជាជនហ្វីលីពីនទាំងអស់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសចិន ឬតំបន់រដ្ឋបាលពិសេសណាមួយរបស់ចិន និងបានអំពាវនាវឱ្យបង្កើតកន្លែងដាច់ដោយឡែកមួយ។ បទបញ្ជារបស់លោកប្រធានាធិបតី គឺជាការពង្រីកបទបញ្ជាបន្ថែម ដើម្បីបដិសេធការចូលមករបស់ភ្ញៀវទេសចរដែលមកពីខេត្ដហ៊ូប៉ី ដែលទីក្រុងវូហានរបស់ខេត្តបានផ្ទុះវីរុសនេះឡើង។ ការបញ្ជារបស់លោក Duterte ត្រូវបានប្រកាសត្រឹមប៉ុន្មានម៉ោង មុនពេលក្រសួងសុខាភិបាល (DOH) បានបង្ហាញថា មានបុរសជនជាតិចិនអាយុ ៤៤ឆ្នាំ ម្នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណា ដែលមានឈ្មោះជាផ្លូវការថា 2019-nCoV ៕

     

    អត្ថបទ៖ លីដា

    Share This Post: