ថៃអះអាងថាខ្លួនរកឃើញវិធីសាស្ត្រធ្វើឱ្យវីរុសកូរ៉ូណា អាចចុះថយឥទ្ធិពល
យោងតាមការបញ្ជាក់ពីសារព័ត៌មាន khaosod បានបញ្ជាក់ថា ក្រសួងសុខាភិបាលថៃកាលពីថ្ងៃអាទិត្យបាននិយាយថា ពួកគេបានរកឃើញការព្យាបាលតាមបែបវេជ្ជសាស្ត្រម៉្យាង ដែលនឹងធ្វើឱ្យវីរុសកូរ៉ូណាអាចចុះថយឥទ្ធិពលរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ។ របកគំហើញនេះត្រូវបានធ្វើឡើងលើករណីស្ត្រីជនជាតិចិនម្នាក់ ដែលមានអាយុ ៧០ឆ្នាំ នៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅព្យាបាលដាច់ដោយឡែកក្នុងមន្ទីរពេទ្យថៃ លើជំងឺរលាកសួត និងសារធាតុរាវលើសនៅក្នុងសួតរបស់គាត់ ដែលបណ្តាលមកពីវីរុសកូរ៉ូណានេះ។ ស្ត្រីដែលមិនត្រូវបានគេបញ្ចេញឈ្មោះនោះ ត្រូវបានគេធ្វើតេស្តវិជ្ជមាន ១០ថ្ងៃជាប់ៗគ្នា មុនពេលដែលគ្រូពេទ្យសម្រេចធ្វើការគ្រប់គ្រងស្ថានភាពជំងឺ ដោយប្រើការរួមបញ្ចូលគ្នានៃថ្នាំប្រឆាំងនឹងមេរោគអេដស៍ និងជំងឺផ្តាសាយ។

លុះក្រោយមកបាន ៤៨ម៉ោង អ្នកជំងឺត្រូវបានគេធ្វើតេស្ដបន្ថែមទៀត ហើយលទ្ធផលចេញមកគឺអវិជ្ជាមាន។ ការស្រាវជ្រាវរកឃើញនេះត្រូវបានពិនិត្យ និងទទួលស្គាល់ពីមន្ទីរពេទ្យ Chulalongkorn និងនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃផងដែរ។ ថ្នាំប្រឆាំងនឹងមេរោគអេដស៍ ដែលត្រូវបានប្រើក្នុងការព្យាបាល គឺជាការលាយបញ្ចូលគ្នារវាង Ritonavir និង Lopinavir រីឯថ្នាំផ្តាសាយត្រូវបានគេស្គាល់ថាជា Oseltamivir ។ ប្រធាននាយកដ្ឋានលោក Somsak Akkslip បាននិយាយថា ការរកឃើញនេះនឹងត្រូវចែករំលែកដល់សហគមន៍វេជ្ជសាស្ត្រអន្តរជាតិឆាប់ៗ។
លោកក៏បានព្រមានផងដែរថា វិធីសាស្រ្តនេះអាចនឹងមិនដំណើរការនៅក្នុងគ្រប់ករណីទាំងអស់នោះទេ។ ដោយលោក Somsak Akkslip បានបន្ថែមថា ហោចណាស់អ្នកជំងឺម្នាក់ដែលស្ថិតក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាល បានឆ្លើយតបជាអវិជ្ជមានចំពោះការប្រើថ្នាំ Oseltamivir ហើយគ្រូពេទ្យនឹងបន្តពឹងផ្អែកលើការព្យាបាលធម្មតា ដែលបានបង្ហាញថាទទួលបានជោគជ័យដូចគ្នាដែរ។ លោក Somsak បានមានប្រសាសន៍ថា៖ «ប៉ុន្តែប្រសិនបើអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ យើងនឹងទទួលយករូបមន្តព្យាបាលរបស់មន្ទីរពេទ្យ Rajavithi ដើម្បីជាជម្រើសនៃការព្យាបាលរបស់យើង។ យើងនឹងបន្តប្រមូលទិន្នន័យបន្ថែម»៕


អត្ថបទ៖ លីដា