ស្ត្រីកូរ៉េម្នាក់ត្រូវបានគេធ្វើតេស្ដរកឃើញវីរុសកូរ៉ូណា បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ
អាជ្ញាធរសុខាភិបាលថៃបានស្នើសុំព័ត៌មានពីក្រុងសេអ៊ូល បន្ទាប់ពីស្ត្រីជនជាតិកូរ៉េម្នាក់ត្រូវបានគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីគាត់ត្រឡប់មកពីប្រទេសថៃ ហើយគាត់មិនមានកំណត់ត្រាធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិននោះទេ។ លោកស្រីវេជ្ជបណ្ឌិត Tanarak Plipat អគ្គនាយករងនៃនាយកដ្ឋានត្រួតពិនិត្យជំងឺបាននៅថ្ងៃអង្គារនេះថា ពួកគេត្រូវបានគេជូនដំណឹងអំពីករណីនេះពីប្រទេសកូរ៉េខាងត្បូង ហើយកំពុងស្វែងរកព័ត៌មានលម្អិតអំពីលទ្ធផលតេស្ត ស្ថានភាព និងទីកន្លែងដែលនាងបានទៅលេងក្នុងប្រទេសថៃ។ ជាមួយនឹងព័ត៌មាននេះពួកគេអាចរកឃើញមនុស្សផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយនាង ហើយធ្វើតេស្ដលើពួកគេចំពោះវីរុសនេះ។

លោកស្រីវេជ្ជបណ្ឌិត Tanarak Plipat មានប្រសាសន៍ថា៖ «ប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលឆ្លងជំងឺ។ ភ្ញៀវទេសចរណ៍ជាធម្មតាស្ថិតនៅកន្លែងដែលពោរពេញទៅដោយអ្នកទេសចរបរទេស ហើយដូច្នេះទំនងជាស្ថិតនៅក្នុងតំបន់នៃការចម្លងជំងឺ»។ ប្រភព Bangkok Post ឱ្យដឹងថា ស្ត្រីជនជាតិកូរ៉េម្នាក់នោះអាយុ ៤២ឆ្នាំ ហើយបានធ្វើតេស្ដវិជ្ជមាន បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមករា។ គាត់បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២៥ ខែមករា ហើយកំពុងត្រូវបានគេដាក់ព្យាបាលដាច់ដោយលែក។ របាយការណ៍នេះនាំឱ្យគាត់ជាមនុស្សទី១៦ ដែលត្រូវបានរកឃើញថា មានវីរុសកូរ៉ូណានៅប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ លីដា