ជប៉ុនរកឃើញមានអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន ១០នាក់ ចេញពីនាវាទេសចរណ៍ដែលផ្ទុកអ្នកដំណើរទាំងអស់ ៣,៧០០នាក់
ក្រសួងសុខាភិបាលជប៉ុននិយាយថា គេបានបញ្ជាក់ថាមនុស្ស ១០នាក់ នៅលើនាវាទេសចរណ៍មួយ ដែលនៅជិតយូកូហាម៉ាបានឆ្លងវីរុសកូរ៉ូណា។ NHK បានឱ្យដឹងថា ក្រុមមន្រ្តីបានចាប់ផ្តើមត្រួតពិនិត្យអ្នកដំណើរនៅលើកប៉ាល់តាំងតែពីយប់ថ្ងៃច័ន្ទ។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកធ្វើដំណើរហុងកុងម្នាក់បានឆ្លងមេរោគ បន្ទាប់ពីគាត់បានចុះពីនាវានៅក្នុងទីក្រុងកំណើតរបស់គាត់។ ក្រុមមន្រ្តីបានពិនិត្យបុគ្គលដែលមានគ្រុនក្តៅ និងអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលទាំងនោះ។ ចំណែកនាវាមួយនោះត្រូវបានគេដឹងថា មានអ្នកដំណើរ និងសមាជិកនាវិកប្រហែល ៣,៧០០នាក់។

នាវា Diamond Princess ត្រូវបានគេដាក់ឱ្យនៅដាច់ពីគេនៅសប្តាហ៍នេះ មុនពេលដែលវាទៅដល់ប្រទេសជប៉ុន ហើយការត្រួតពិនិត្យត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកដំណើរម្នាក់មកពីហុងកុង ដែលបានមកលើកប៉ាល់កាលពីខែមុន ត្រូវបានគេធ្វើតេស្ដឃើញថាមានវីរុស ពេលចុះពីនាវាទៅហុងកុងវិញ។ ក្រសួងបាននិយាយថា ក្នុងចំណោមមនុស្ស ៣១នាក់ ដែលសង្ស័យ មាន ១០នាក់ ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគនេះ។ ចំណែកអ្នកដទៃដែលមិនមានការឆ្លងវីរុស ក៏នឹងត្រូវបានគេតាមដានរយៈពេល ១៤ថ្ងៃ នៅលើនាវាផងដែរ។ លទ្ធផលនេះនាំឱ្យករណីនៅជបុនកើនដល់ ២៣នាក់៕



អត្ថបទ៖ លីដា