ទារិកាអាយុ៧ខែម្នាក់នៅក្រុងសៀងហៃ រកឃើញថាមានផ្ទុកវីរុសកូរ៉ូណា
តាមការចុះផ្សាយដោយ ស៊ីនហួរ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នៅប្រទេសចិនពេលនេះមានករណីវីរុសកូរ៉ូណាឆ្លងលើទារិកាម្នាក់មកពីក្រុងសៀងហៃ ហើយទារិកានោះទើបតែមានអាយុ ៧ខែប៉ុណ្ណោះ។ អ្នកនាំពាក្យគណៈកម្មាធិការសុខភាពក្រុងសៀងហៃលោក Zheng Jin បានឱ្យដឹងថា មុនពេលដែលទារិកាត្រូវបានគេរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា គឺជីដូនជីតារបស់ទារិការូបនោះបានមកលេងគ្រួសាររបស់នាង។ អ្នកទាំង២ជាអ្នករស់នៅទីក្រុងវូហាន (Wuhan) ហើយបានមកដល់សៀងហៃ កាលពីថ្ងៃទី២០ ខែមករា និងបានមកបរិភោគអាហារជុំគ្នាជាមួយគ្រួសារនៅថ្ងៃទី២១ និងទី២៤ ខែមករា និងជាមួយមនុស្ស ២នាក់ផ្សេងទៀត មកពីមណ្ឌលសេវាកម្មសុខភាពសហគមន៍។

លុះដល់ថ្ងៃទី២៥ ខែមករា ជីដូនជីតារបស់ទារិកាបានប្រាប់ទៅកាន់មណ្ឌលសុខភាពសង្កាត់ថា គាត់ជាអ្នកដំណើរថ្មីទើបតែចេញពីទីក្រុងវូហាន ហើយពួកគាត់កំពុងស្នាក់នៅជាមួយទារិកា និងឪពុកម្តាយរបស់ទារិកា។ បន្ទាប់មកលោកតារបស់គេក៏បានធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរុសកូរ៉ូណានៅថ្ងៃទី០២ ខែកុម្ភៈ។ បន្ទាប់មកទៀតសមាជិកគ្រួសារទាំងអស់ ទាំងកូន និងសាច់ថ្លៃរបស់ពួកគាត់ ដែលមានទំនាក់ទំនងជាមួយពួកគាត់ សុទ្ធតែតម្រូវឱ្យស្ថិតក្រោមការតាមដានទាំងអស់។ លុះក្រោយមកទៀតសមាជិកគ្រួសាររបស់គាត់ខ្លះ ក៏ចាប់ផ្ដើមមានចេញរោគសញ្ញាគ្រុនក្ដៅជាដើម ហើយពួកគេត្រូវបញ្ជូនទៅព្យាបាលដាច់ដោយឡែកភ្លាម។
មកដល់ថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ទារិកាក៏ត្រូវបានគេរកឃើញថាបានឆ្លងវីរុសនេះ ហើយម្ដាយ និងជីតាម្ខាងទៀតរបស់នាងតូច ក៏មានផ្ទុកវីរុសនេះទាំងអស់។ ចំណែកឪពុក និងលោកយាយទាំងសងខាងរបស់ទារិកា ពេលនេះនៅតេស្ដអវិជ្ជមាននៅឡើយ ប៉ុន្តែយ៉ាងណាពួកគេទាំងអស់នឹងត្រូវដាក់តាមដានដោយឡែក ខណៈអ្នកដែលឆ្លងវិជ្ជមានទាំងប៉ុន្មានសុទ្ធតែត្រូវព្យាបាលដាច់ដោយឡែកទាំងអស់។ ករណីទារិកាដែលបានឆ្លងវីរុសកូរ៉ូណា គឺជាករណីអ្នកជំងឺដែលក្មេងបំផុតចាប់តាំងពីវីរុសនេះផ្ទុះឡើងនៅក្នុងប្រទេសចិន៕

រូបភាពតំណាង
អត្ថបទ៖ លីដា
ប្រភព៖ xinhuanet