ទីបំផុតលោក ដូណាល់ ត្រាំ ឈ្នះក្ដីប្រឆាំងនឹងការចោទប្រកាន់លើរូបគាត់ទាំងអស់
ការជំនុំជម្រះការចោទប្រកាន់ប្រឆាំងនឹងលោក ដូណាល់ ត្រាំ បានបញ្ចប់យ៉ាងរលូន ដោយលោកប្រធានាធិបតីអាមេរិកបានឈ្នះលើការចោទប្រកាន់ទាំងអស់។ ការជុំនំជម្រះបែបនេះទើបតែមានជាលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកប៉ុណ្ណោះ។ លទ្ធផលកាលពីថ្ងៃពុធការពិតទៅត្រូវបានគេរំពឹងរួចមកហើយថា សមាជិកព្រឹទ្ធសភានឹងបោះឆ្នោតនៅខាងលោក ដូណាល់ ត្រាំ ព្រោះថាព្រឹទ្ធសភាត្រូវបានគ្រប់គ្រងដោយសមាជិកគណបក្សសាធារណរដ្ឋភាគច្រើន។ រំលឹកដែរថា លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទដាក់សម្ពាធលើប្រទេសអ៊ុយក្រែន ចំពោះផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងរារាំងសភារំខានលើការស៊ើបអង្កេតករណីនេះ។

ម៉្យាងវិញទៀតគ្មានប្រធានាធិបតីអាមេរិកណាម្នាក់ ត្រូវបានគេដកចេញពីតំណែងតាមរយៈការចោទប្រកាន់នោះទេ។ សំឡេងភាគច្រើនពីរភាគបីនៅក្នុងព្រឹទ្ធសភាត្រូវបានទាមទារសម្រាប់ការផ្តន្ទាទោស ហើយការបោះឆ្នោតនៅថ្ងៃពុធនេះលោក ត្រាំ បានរួចផុតពីការចោទប្រកាន់របស់ក្រុមប្រជាធិបតេយ្យទាំងអស់។ កាលពីសប្តាហ៍មុនព្រឹទ្ធសភាក៏បានបោះឆ្នោតបដិសេធ ចំពោះការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យដើម្បីកោះហៅសាក្សីថ្មីផងដែរ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិមានព័ត៌មានពាក់ព័ន្ធ ប៉ុន្តែលោកមិនត្រូវបានកោះហៅមកផ្តល់សក្ខីកម្មទេ។ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងប្រកាសភាពគ្មានទោសពៃរ៍របស់លោកនៅពេលធ្វើយុទ្ធនាការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកាខាងមុខ៕


អត្ថបទ៖ លីដា