មានទារក ៦ខែម្នាក់ទៀតហើយ ដែលត្រូវបានគេរកឃើញថាឆ្លងវីរុសកូរ៉ូណានៅសិង្ហបុរី
សិង្ហបុរី៖ ក្រសួងសុខាភិបាល (MOH) របស់ប្រទេសសិង្ហបុរីបានបញ្ជាក់កាលពីថ្ងៃពុធ ទី០៥ ខែកុម្ភៈ ថាមានអ្នកឆ្លងវីរុសកូរ៉ូណា ៤ករណីថ្មីបន្ថែមទៀត ដែលក្នុងនោះក៏មានទារកអាយុ ៦ខែម្នាក់ផងដែរ។ ករណីថ្មីទាំងនេះមាន ៣ករណី គឺជាការឆ្លងរវាងមនុស្សនឹងមនុស្ស ដោយទារកនិងម្ដាយឪពុកបានឆ្លងពីគ្នាទាំង៣នាក់ ខណៈមួយផ្សេងទៀតគឺជាអ្នកទេសចរចិនមកពីទីក្រុងវូហាន។ កាលពីថ្ងៃអង្គារក្រសួងសុខាភិបាលក៏បានប្រកាសពីករណីឆ្លងវីរុសចំនួន ៦ករណី ដោយមានស្ត្រី ៤នាក់ បានឆ្លងទាំងមិនដែលធ្លាប់ទៅលេងទីក្រុងវូហានទាល់តែសោះ។

ករណីថ្មីទាំង ៤ នេះមានទំនាក់ទំនងជាមួយក្រុមអ្នកទេសចរ ២០នាក់ មកពីខេត្ត Guangxi ប្រទេសចិន ដែលបានទៅទស្សនាហាងលក់ផលិតផលសុខភាព Yong Thai Hang នៅផ្លូវ Cavan ក្នុងក្រុង Lavender ។ ជាមួយនឹងករណីដែលបានប្រកាសកាលពីថ្ងៃពុធចំនួនករណីដែលទាក់ទងនឹងក្រុមទេសចរណ៍ឥឡូវនេះមានចំនួន ៧ ។ MOH បាននិយាយថា អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា អ្នកដំណើរពីរនាក់មកពីក្រុមទេសចរណ៍មានការឆ្លងមេរោគនេះ។ វាបានបញ្ជាក់ម្តងទៀតថា មិនមានភ័ស្តុតាងឆ្លងពីមនុស្សទៅមនុស្សនៅក្នុងប្រទេសសិង្ហបុរី នាពេលបច្ចុប្បន្ននេះទេ។ ការប្រកាសកាលពីថ្ងៃពុធមានន័យថា ចំនួនករណីសរុបដែលបានបញ្ជាក់នៅសិង្ហបុរីមានចំនួន ២៨នាក់៕



អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia