មន្ត្រីជាន់ខ្ពស់នៅវូហានមានការសោកស្ដាយ ដែលមិនអាចព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណាបានគ្រប់គ្នា ព្រោះតែពួកគេកំពុងប្រឈមបញ្ហាកង្វះខាតផ្នែកវេជ្ជសាស្ត្រ
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិនប្រចាំនៅទីក្រុងវូហានបានសារភាពថា អាជ្ញាធរទីក្រុងបានធ្វើឱ្យមានកំហុសឆ្គង នៅក្នុងការដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ លេខាធិការរងនៃគណៈកម្មាធិការបក្សនៅក្រុងវូហាន លោក Hu Lishan បានបង្ហើបប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ពួកគេមានតែគ្រែចំនួន ៤២១ នៅក្នុងមន្ទីរពេទ្យចំនួន ២៨ ប៉ុណ្ណោះ គិតត្រឹមថ្ងៃអង្គារនេះ។ លោកបានសារភាពថា មនុស្សជាច្រើនដែលបានធ្វើតេស្តវិជ្ជមាន ឬត្រូវបានគេសង្ស័យថាមានផ្ទុកវីរុស មិនអាចទទួលការព្យាបាលត្រឹមត្រូវដោយសារតែកង្វះគ្រែក្នុងមន្ទីរពេទ្យ។

លោក Hu Lishan ក៏បានកត់សម្គាល់ផងដែរថា គណៈកម្មាធិការមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនេះ ហើយលោកដឹងថាប្រជាជនមានការខឹងសម្បារ ដោយសារតែវាមិនបានបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លោក Hu Lishan បាននិយាយថា៖ «សាធារណជនបានរិះគន់យើងយ៉ាងខ្លាំង…ហេតុអ្វី? វាដោយសារតែការងាររបស់យើងខ្លះដំណើរការមិនបានល្អ។ តើយើងមិនបានធ្វើអ្វីឱ្យល្អមែនទេ? នាពេលបច្ចុប្បន្នភាពផ្ទុយគ្នារវាងសម្ភារៈផ្គត់ផ្គង់ និងតម្រូវការគ្រែក្នុងមន្ទីរពេទ្យ អាចបញ្ជាក់ឱ្យឃើញច្បាស់»។ ចំណុចនេះគាត់ចង់បញ្ជាក់ថា បញ្ហាគឺពួកគេកំពុងខ្វះខាតចំនួនគ្រែ និងគ្រឿងវេជ្ជសាស្ត្រ ដែលធ្វើឱ្យសាធារណជនខឹងសម្បារនឹងពួកគេ។
លោកបន្ថែមថា៖ «និយាយដោយស្មោះត្រង់ទៅយើងឈឺចាប់ណាស់ ហើយមានអារម្មណ៍សោកស្តាយណាស់ ដែលអ្នកជំងឺជាច្រើនដែលត្រូវបានបញ្ជាក់ថាបានឆ្លង ឬត្រូវបានគេសង្ស័យថាបានឆ្លងវីរុស មិនអាចទទួលការព្យាបាលត្រឹមត្រូវនៅមន្ទីរពេទ្យបាន។ ហើយបញ្ហានេះច្បាស់ជានៅមិនទាន់ដោះស្រាយបាននៅឡើយទេ» ដែលនេះហើយគឺជាកំហុសឆ្គងរបស់ពួកគេក្នុងការបម្រើជូនសាធារណជន៕




អត្ថបទ៖ លីដា