រដ្ឋាភិបាលអូស្ដ្រាលីលែងត្រី ១,០០០ក្បាល ដែលសុទ្ធតែមានរង្វាន់ ដើម្បីទាក់ទាញអ្នកទេសចរឱ្យទៅលេងតំបន់ដែលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃ
រដ្ឋាភិបាលរដ្ឋ Victoria នៅប្រទេសអូស្រ្តាលី បានបង្កើតដំណោះស្រាយច្នៃប្រតិដ្ឋថ្មីមួយ ដើម្បីឱ្យភ្ញៀវទេសចរទៅទស្សនាតំបន់ដែលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃឡើងវិញ។ អាជ្ញាធរជលផលរដ្ឋ Victoria (VFA) បានសម្រេចនឹងលែងត្រី ១,០០០ក្បាល ដែលត្រីទាំងនោះសុទ្ធតែមានផ្ជាប់ជាមួយស្លាករង្វាន់ជាច្រើន។ អាជ្ញាធរជលផលនឹងលែងពួកវាចូលតំបន់ Gippsland ខាងកើត និងភាគខាងជើងឆៀងខាងកើតនៃរដ្ឋ Victoria ដែលជាតំបន់សុទ្ធតែត្រូវរងការវាយប្រហារពីភ្លើងឆេះព្រៃ។ ត្រីនីមួយៗនឹងមានស្លាកពណ៌មាសជាប់ខ្លួន ហើយស្លាករង្វាន់ធំគឺទឹកប្រាក់ ១០,០០០ដុល្លារ ដែលមានចំនួន ១០រង្វាន់ ខណៈត្រីចំនួន ៩៩០ក្បាលផ្សេងទៀត គឺជារង្វាន់ទឹកប្រាក់ ២,០០០ដុល្លារ។ ក្រុងអាជ្ញាធរបង្កើតកម្មវិធីនេះឡើង ដោយមានបំណងចង់ឱ្យអ្នកស្ទូចត្រីទៅលេងនៅទីនោះឱ្យបាន ១លាននាក់។

ការប្រកួតប្រជែងមិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះពួកគេរង់ចាំឱ្យតំបន់នេះសុវត្ថិភាពពីភ្លើងឆេះសិន។ VFA បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖ «អ្នកចូលរួមនឹងមិនចាំបាច់ចុះឈ្មោះទេ រង្វាន់នឹងមានសិទ្ធិសម្រាប់អ្នកនេសាទកម្សាន្តណាដែលមានអាជ្ញាប័ណ្ណនេសាទស្របច្បាប់ (លើកលែងតែពួកគេត្រូវទទួលបានការអនុគ្រោះ)។ រង្វាន់ទឹកប្រាក់ ១០,០០០ដុល្លារ នឹងត្រូវបានកំណត់ឱ្យឈ្នះតែម្នាក់មួយរង្វាន់ប៉ុណ្ណោះ។ សមាជិកបុគ្គលិក និងអ្នកម៉ៅការ រួមទាំងសមាជិកគ្រួសាររបស់អាជ្ញាធរនេសាទជលផល Victoria មិនមានសិទ្ធិក្នុងការកម្សាន្តយករង្វាន់នេះទេ»។ នៅពេលដែលស្ទូចត្រីបាន ពួកគេនឹងត្រូវទាក់ទងទៅអាជ្ញាធរដើម្បីបើករង្វាន់ ហើយត្រីដែលចាប់បានពួកគេចង់ទុកក៏បាន បោះចូលទឹកវិញក៏បាន។ នេះគឺជាការបន្ថែមទៅលើការផ្សាយពាណិជ្ជកម្មចំណាយទឹកប្រាក់ចំនួន ២លានដុល្លារ ដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលរដ្ឋ Victoria ដើម្បីទាក់ទាញមនុស្សទៅលេងផ្នែកខ្លះរបស់រដ្ឋដែលបានរងគ្រោះខ្លាំង៕




អត្ថបទ៖ លីដា