ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ១០នាក់បន្ថែមទៀត ចេញពីនាវាទេសចរណ៍ដែលផ្ទុកអ្នកដំណើរ ៣,៧០០នាក់

    BY autoadmin February 6, 2020
    ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ១០នាក់បន្ថែមទៀត ចេញពីនាវាទេសចរណ៍ដែលផ្ទុកអ្នកដំណើរ ៣,៧០០នាក់

    មន្ត្រីសុខាភិបាលជប៉ុនបាននិយាយថា មានមនុស្ស ១០នាក់បន្ថែមទៀត នៅលើនាវាទេសចរណ៍ Diamond Princess ដែលបានចូលចតនៅឯយូកូហាម៉ា ក្បែរទីក្រុងតូក្យូ ត្រូវបានគេរកឃើញថាឆ្លងវីរុសកូរ៉ូណានៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឱ្យមានករណីសរុបដែលបានបញ្ជាក់នៅលើនាវាកើនដល់ ២០នាក់។ អ្នកដំណើរ និងនាវិកប្រមាណ ៣,៧០០នាក់ ត្រូវបានគេបង្ខាំងនៅលើនាវាទាំងអស់ បន្ទាប់ពីបុរសម្នាក់បានចុះពីនាវាចូលទីក្រុងហុងកុង ត្រូវបានគេតេស្ដវិជ្ជមានលើវីរុសកូរ៉ូណា។ អ្នកជំងឺទាំង ១០នាក់ ស្ថិតនៅក្នុងវ័យចន្លោះពី ៥០-៧០ឆ្នាំ ហើយមន្ដ្រីសុខាភិបាលកំពុងតាមដានធ្វើតេស្ដមនុស្សចំនួន ១២០នាក់ ដែលកំពុងបង្ហាញរោគសញ្ញាដូចជាក្អក គ្រុនក្ដៅ ល ។ មនុស្សចំនួន ១៥៣នាក់ ដទៃទៀត ដែលមានទំនាក់ទំនងជាមួយអ្នកចេញរោគសញ្ញាទាំងនោះក៏ត្រូវបានតាមដានបន្ថែម។

    អ្នកជំងឺរួមមាន ៤នាក់ ជាជនជាតិជប៉ុន, ២នាក់មកពីអាមេរិក, ២នាក់មកពីកាណាដា, ១នាក់មកពីនូវែលហ្សេឡង់ និងម្នាក់ទៀតមកពីតៃវ៉ាន់។ អ្នកទាំងនេះមានអាការគ្រុនក្ដៅខ្លាំង ហើយអាជ្ញាធរកំពុងរៀបចំផ្ទេរពួកគេទៅស្ថាប័នវេជ្ជសាស្ត្រចំនួន ៥ នៅក្នុងខេត្ត Kanagawa ។ អ្នកដំណើរ និងសមាជិកនាវិកផ្សេងទៀតត្រូវបានស្នើសុំឱ្យនៅលើនាវាយ៉ាងហោចណាស់ពីរសប្តាហ៍ ខណៈពេលដែលការត្រួតពិនិត្យសុខភាពត្រូវបានអនុវត្ត។ ក្រសួងសុខាភិបាលជប៉ុននិយាយថា មិនទាន់មានការផ្ទុះឡើងនៅក្នុងប្រទេសជប៉ុននៅឡើយទេសម្រាប់ពេលនេះ ហើយជំរុញឱ្យប្រជាជនការពារការឆ្លងតាមរយៈការលាងដៃ និងពាក់ម៉ាស់មុខ ដែលវាដូចជារបៀបការការពាងជំងឺផ្តាសាយជាដើម៕

    អត្ថបទ៖ លីដា

    Share This Post: