ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូបថតមួយចំនួនបង្ហាញថា ទីក្រុងវូហានដែលធ្លាប់តែជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹក ឥឡូវនេះស្ងាត់ជ្រងំដូចទីក្រុងគ្មានមនុស្សនៅ

    BY autoadmin February 7, 2020
    រូបថតមួយចំនួនបង្ហាញថា ទីក្រុងវូហានដែលធ្លាប់តែជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹក ឥឡូវនេះស្ងាត់ជ្រងំដូចទីក្រុងគ្មានមនុស្សនៅ

    វីរុសកូរ៉ូណា (2019-nCov) កំពុងធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ័យព្រួយនៅទូទាំងពិភពលោក ជាពិសេសនៅចិនដីគោក ខណៈដែលជារៀងរាល់ថ្ងៃយើងតែងតែទទួលបានព័ត៌មានមិនល្អពីវា។ ការស្លាប់នៅក្នុងចិនដីគោកចេះតែបន្ដកើនឡើង ចំពេលតួលេខនៃអ្នកឆ្លងជំងឺបានកើនដល់រាប់ម៉ឺននាក់។ ជាក់ស្ដែងទីក្រុងវូហានដែលជាក្រុងនៃការផ្ទុះឡើងរបស់រីរុស ក៏បានឈានចូលដល់សប្តាហ៍ទី០២ នៃការបង្ខាំងសកម្មភាពចេញចូលកុំឱ្យរាលដាលវីរុសរបស់ខ្លួនផងដែរ។ ស្របពេលដែលទីក្រុងកំពុងបិទរាល់សកម្មភាពសំខាន់ៗ រូបភាពមួយចំនួនដែលថតចេញពីអាកាសបានបង្ហាញថា ឥឡូវនេះទីក្រុងមានភាពស្ងាត់ជ្រងំដូចជាទីក្រុងខ្មោចគ្មានមនុស្សរស់នៅ ទាំងដែលការពិតទីក្រុងនេះជាទីក្រុងធ្លាប់មានសកម្មភាពរស់រវើក ជាមួយនឹងប្រជាជនសរុបប្រមាណ ១១លាននាក់។

    ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០មក រដ្ឋាភិបាលចិនបានចេញបទបញ្ជាដាច់ដោយឡែកសម្រាប់ក្រុងវូហាន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុស ពោលគឺការដឹកជញ្ជូនសាធារណៈ រថភ្លើង និងការធ្វើដំណើរតាមផ្លូវអាកាសចេញចូលទីក្រុងទាំងអស់ត្រូវបានបញ្ឈប់។ ការបិទបង្ខាំងសកម្មភាពទីក្រុងទាំងមូលដើម្បីទប់ស្កាត់វីរុសនេះ គឺជាការបិទធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ អ្នកស្រុកវូហានសព្វថ្ងៃគឺចេញពីផ្ទះហើយតម្រង់ទៅមន្ទីរពេទ្យ សកម្មភាពរបររកស៊ីភាគច្រើនត្រូវបិទទ្វារ លើកលែងតែផ្សារទំនើប និងកន្លែងលក់ទំនិញចាំបាច់គឺនៅតែបើកទ្វារ ហើយប្រជាជនក៏ប្រមូលគ្នានៅទីនោះច្រើនផងដែរ។

    ចំណែកតាមឱសថស្ថានក៏មានមនុស្សជាច្រើនអង្គុយរង់ចាំមុខទ្វារ ទោះបីជាបុគ្គលិកលក់ថ្នាំបានប្រកាសថាគ្មានទឹកលាងដៃ ម៉ាស់ ឬស្រោមដៃសល់សម្រាប់លក់ទៀតក៏ដោយ។ វាគួរឱ្យសង្វេគចិត្តដែលប្រជាជនរស់នៅជាមួយភាពភ័យខ្លាច ចំពេលដែលវីរុសមិនបង្ហាញពីការចុះថយទៅវិញសោះ។ គួរឱ្យដឹងដែរថា បច្ចុប្បន្នវីរុសនេះបានរាលដាលដល់ ២៧ប្រទេស ក្រៅពីចិនដីគោក។ ហើយវាបានសម្លាប់មនុស្សជាង ៥៦០នាក់ និងជាង ២៨,០០០ ករណី ត្រូវបានបញ្ជាក់ទូទាំងពិភពលោក។ ប៉ុន្តែយ៉ាងណាយើងសង្ឃឹមថា អ្នកនៅក្រុងវូហាននឹងឆាប់ផុតពីភាពរកទុក្ខនេះ ហើយពិភពលោកនឹងរកវិធីទប់ស្កាត់វាឱ្យទាន់ពេលឆាប់ៗនេះ៕

    អត្ថបទ៖ លីដា

    Share This Post: