Prank ខុសរបៀប! កំពុងតែហោះហើរស្រាប់តែបុរសម្នាក់លេងសើចថា គាត់ឆ្លងវីរុសកូរ៉ូណា ធ្វើឲ្យពីឡុតបង្ខំចិត្តបកក្រោយចុះចតជាបន្ទាន់
កាណាដា៖ ព្រោះតែចង់ឲ្យគេចាប់អារម្មណ៍និងទទួលបានភាពល្បីល្បាញ មនុស្សមួយចំនួនហ៊ានធ្វើរឿងឆ្កួតៗជាច្រើន ហើយពេលខ្លះសកម្មភាពទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃយ៉ាងខ្លាំងទៀតផង។ ជាក់ស្តែងមានជើងហើរហោះមួយត្រូវបង្ខំចិត្តចុះចតវិញជាបន្ទាន់ ព្រោះមានអ្នកដំណើរម្នាក់និយាយថា គាត់មានផ្ទុកនូវមេរោគកូរ៉ូណា។ ជើងហោះហើរមួយនេះមានទិសដៅហោះចេញពីក្រុងតូរ៉ុនតូ ប្រទេសកាណាដាឆ្ពោះទៅកាន់ប្រទេសចាម៉ៃកា។ ក្នុងអំឡុងពេលហោះហើរស្រាប់តែមានបុរសកាណាដាម្នាក់ឈ្មោះ Potok Philippe ជាតន្ត្រីករ ហើយបានពាក់ម៉ាស់ និងស្រោមដៃដើរពេញយន្តហោះ និងបាននិយាយថា គាត់ទើបត្រលប់មកពីក្រុងវូហាន ប្រទេសចិន ហើយពេលនេះគាត់ហាក់មានអាការៈមិនស្រួលខ្លួនទាល់តែសោះ គាត់ទំនងជាបានផ្ទុកនូវមេរោគកូរ៉ូណាហើយ។
ឥរិយាបថនេះបានធ្វើឲ្យក្រុមការងារបញ្ជាការហោះហើរត្រូវបង្ខំចិត្តឲ្យយន្តហោះត្រលប់មកចុះចតនៅប្រទេសកាដាណាវិញជាបន្ទាន់ ព្រោះគេខ្លាចមានករណីចម្លងមេរោគកូរ៉ូណា។ យ៉ាងណាក្តី ក្រោយពេលយន្តហោះចុះចតរួចលោក Potok Philippe បានប្រាប់ឲ្យដឹងថា គាត់គ្រាន់តែនិយាយលេងទេដែលថាគាត់ធ្លាប់ទៅវូហាននោះ ជាក់ស្តែងគាត់មិនដែលទៅប្រទេសចិនឡើយ ហើយការធ្វើដូចនេះព្រោះតែគាត់ចង់បានភាពល្បីល្បាញក្នុងបណ្តាញសង្គម Instagram ប៉ុណ្ណោះ ដ្បិតហេតុការណ៍នឹងមានការចុះផ្សាយតាមសារព័ត៌មាននិងបណ្តាញសង្គមជាច្រើនផងដែរ។ យ៉ាងណាក្តី លោក Potok Philippe នឹងត្រូវទទួលទោសតាមច្បាប់របស់កាដាណាចំពោះសកម្មភាពលេងសើចនេះ និងត្រូវពិន័យជាប្រាក់តាមទំហំនៃការខាតបង់របស់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕
អត្ថបទ៖ ភក្តី


