ចិនសម្រេចកែច្នៃកីឡដ្ឋាន មជ្ឈមណ្ឌលតាំងពិព័រណ៍ និងក្លឹបហាត់ប្រាណជាច្រើនកន្លែងឲ្យក្លាយទៅជាមន្ទីរពេទ្យ ដោយសារខ្វះគ្រែព្យាបាលអ្នកមានវីរុសកូរ៉ូណា
ចិន៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា និងជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលានោះ អាជ្ញាធរចិនបានសម្រេចដាក់ចេញនូវវិធានការដាច់ខាតជាច្រើនមានដូចជា បង្ខាំងប្រជាពលរដ្ឋមិនឲ្យចេញពីក្រុងវូហាននិងក្រុងមួយចំនួនទៀត បិទជើងហោះហើរ និងសម្រេចបង្កើតមន្ទីរពេទ្យបន្ទាន់ៗជាច្រើនកន្លែងទៀត។ ជាក់ស្តែងបើយោងតាមសេចក្តីរាយការណ៍របស់សាព័ត៌មាន Shanghai បានឲ្យដឹងថាអាជ្ញាធរប្រចាំក្រុងវូហានបានសម្រេចកែច្នៃ កីឡដ្ឋាន មជ្ឈមណ្ឌលសម្រាប់រៀបចំតាំងពិព័រណ៍ និងក្លឹបហាត់ប្រាណជាច្រើនកន្លែងឲ្យក្លាយទៅជាមន្ទីរពេទ្យ ដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកជំងឺដែលបន្តកើនឡើងយ៉ាងគំហុក។

ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះបានធ្វើឲ្យគេទទួលបានមន្ទីរពេទ្យថ្មីចំនួន ១១ កន្លែង និងអាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបានដល់ចំនួន ១០ ០០០ គ្រែបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះចំនួនអ្នកឆ្លងមេរោគកូរ៉ូណាបានកើនដល់ ៣១ ២២៣ ករណី និងបានសម្លាប់មនុស្សចំនួន ៦៣៨ នាក់ហើយ៕

អត្ថបទ៖ ភក្តី



