អង់តាក់ទិកជួបនឹងសីតុណ្ហភាពក្តៅបំផុត ១៨.៣ អង្សាសេ ដែលខ្ពស់ជាងកំណត់ត្រាចាស់ ១៧.៥អង្សាសេ
សីតុណ្ហភាពខ្ពស់បំផុត ១៨.៣អង្សាសេ បានគ្រប់ដណ្ដប់នៅទិ្វបអង់តាក់ទិក ដែលនេះជាសីតុណ្ហភាពក្ដៅបំផុតក្នុងកំណត់ត្រា។ ការវាស់ដែលត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ដោយស្ថានីយស្រាវជ្រាវ Esperanza របស់អាហ្សង់ទីនបានរកឃើញថា កម្ដៅសីតុណ្ហភាពនាពេលថ្មីនេះ ក្ដៅជាងកំណត់ត្រាចាស់ ០.៨អង្សាសេ ពោលគឺកំណត់ត្រាចាស់កាលពីខែមីនា ឆ្នាំ២០១៥ មានត្រឹមតែ ១៧.៥អង្សាសេ។ កម្ដៅនេះគឺខ្ពស់ជាងកម្ដៅសីតុណ្ហភាពចាស់ និងខ្ពស់ជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦១។ វាត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការឧតុនិយមពិភពលោក របស់អង្គការសហប្រជាជាតិ (WMO) ផងដែរ។

អ្នកនាំពាក្យ WMO អ្នកស្រី Clare Nullis បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ «នេះមិនមែនជាតួលេខដែលធ្លាបមាននៅអង់តាក់ទិក សូម្បីតែនៅអំឡុងពេលរដូវក្តៅរបស់វាក៏ដោយ»។ អង្គការនេះបាននិយាយថា សីតុណ្ហភាពនៅទ្វីបអង់តាក់ទិកបានកើនឡើងជិត ៣អង្សាសេ ក្នុងរយៈពេល ៥០ឆ្នាំ ហើយប្រហែល ៨៧% នៃផ្ទាំងទឹកកកនៅតាមបណ្តោយឆ្នេរខាងលិចរបស់ខ្លួនបានថយចុះ។ WMO បានបន្ថែមទៀតថា ផ្ទាំងទឹកកកបានបង្ហាញពីការថយចុះយ៉ាងលឿនក្នុងរយៈពេល ១២ឆ្នាំ កន្លងមកនេះ ដោយសារកម្ដៅផែនដី។ កម្ដៅផែនដីកំពុងបណ្តាលឱ្យរលាយទឹកកកយ៉ាងខ្លាំងនៅប៉ូលខាងត្បូង វានឹងបែកបាក់ជាយថាហេតុបង្កឱ្យកម្ពស់ទឹកសមុទ្រពិភពលោកកើនឡើងយ៉ាងតិច ៣ម៉ែត្រ ក្នុងរយៈពេលរាប់សតវត្សរ៍ទៀត៕


អត្ថបទ៖ លីដា