ករណីទាហានថៃបាញ់សម្លាប់មេបញ្ជាការ និងបាញ់រះជនស៊ីវិល ចំនួនអ្នកស្លាប់ឡើងដល់២៥នាក់ហើយ
ថៃ៖ ហេតុការណ៍បាញ់ប្រហារនៅប្រទេសថៃ ចំនួនអ្នកស្លាប់បានកើនឡើងដល់២៥នាក់ ក្រោយពេលទាហានម្នាក់បានបាញ់មកលើជនស៊ីវិលនៅក្នុងផ្សារទំនើប ហើយខ្មាន់កាំភ្លើងបានចូលទៅលាក់ខ្លួននៅក្នុងផ្សារទំនើប ដោយគេនៅមិនទាន់ដឹងថា តើនៅក្នុងផ្សារទំនើបនោះមានចំនួនប្រជាពលរដ្ឋស្លូតត្រង់ប៉ុន្មាននាក់នៅក្នុងនោះឡើយ។

ករណីបាញ់សម្លាប់ដ៏សាហាវនោះបានចាប់ផ្តើមនៅវេលាប្រហែលម៉ោង ៣ និង៣០ រសៀល ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ម្សិលមិញនេះ នៅពេលដែលទាហានជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងមនុស្ស ២ នាក់ផ្សេងទៀតនៅជំរុំកងទ័ព Surathampithak រួចក៏រត់គេចខ្លួន ក្រោយមកខ្មាន់កាំភ្លើងក៏បានបាញ់ប្រហារទៅលើជនស៊ីវិលនៅតាមបណ្តោយផ្លូវទៅកាន់ផ្សារទំនើប Terminal 21 ក្នុងស្រុក Muang ខេត្ត Nakhon។ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះ ខ្មាន់កាំភ្លើងថែមទាំង Live វីដេអូចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថែមទៀតផង។
អ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយ៍ឯក Kongcheep Tantrawanit បាននិយាយថា មានមនុស្ស ២៥ នាក់បានស្លាប់ និង៣១នាក់រងរបួស ក្នុងនោះមានអ្នកខ្លះរងរបួសធ្ងន់ធ្ងរទៀតផង៕

អត្ថបទ៖ សេម
ប្រភព៖ bangkokpost