តិចច្រើនមិនសំខាន់ សំខាន់ទឹកចិត្ត! ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ប្រមូលលុយទាំងអស់ ដែលខំសន្សំនៅក្នុងកូនជ្រូក យកទៅបរិច្ចាគសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (មានវីដេអូ)
ចិន៖ ក្មេងស្រីទើបមានអាយុ ១០ ឆ្នាំម្នាក់កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន ក្រោយរូបនាងបានយកប្រាក់សន្សំរបស់នាងទាំងអស់ទៅបរិច្ចាគក្នុងមូលធិនិសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ បើតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Shanghai បានបញ្ជាក់ថាក្មេងស្រីដែលមានទឹកចិត្តល្អគួរឲ្យគោរពរូបនេះបានធ្វើការបរិច្ចាគប្រាក់សរុបចំនួន ៤៩៥ យន់ (៧០ ដុល្លារអាម៉េរិក) ហើយប្រាក់ទាំងនោះមានជាកាក់ និងក្រដាសលុយខ្លះផង ដែលនាងបានសន្សំទុកនៅក្នុងកូនជ្រូកមួយអស់រយៈពេលជាយូរមកហើយ។
អ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺថា នាងបានដើរទៅក្នុងស្ថានីយ៍ប៉ូលិសក្នុងក្រុង Jiangsu ខេត្ត Yangzhou តែម្នាក់ឯង និងបានប្រាប់ប៉ូលិសថា នាងសុំបរិច្ចាគលុយរបស់នាងទាំងសម្រាប់បុព្វហេតុប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ បើទោះជាទឹកប្រាក់នោះមិនច្រើនក៏ពិតមែន តែវាជាទឹកចិត្តដ៏ធំធេងនិងមានតម្លៃបំផុតសម្រាប់ក្មេងស្រីម្នាក់ដែល ទើបនឹងមានអាយុ ១០ ឆ្នាំនោះ៕

អត្ថបទ៖ ភក្តី

