រកឃើញអ្នកឆ្លងវីរុសកូរ៉ូណា៦០នាក់បន្ថែមទៀតនៅលើនាវាទេសចរផ្ទុកមនុស្ស ៣,៧០០នាក់នៅប្រទេសជប៉ុន
ទូរទស្សន៍ក្នុងស្រុក TBS បានផ្សាយតាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃចន្ទនេះថា ជប៉ុនបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ៦០នាក់បន្ថែមទៀត ចេញពីនារាកម្សាន្ដ Diamond Princess ដែលត្រូវបានគេផ្អាកដំណើរកាលពីសប្ដាហ៍មុន ដើម្បីធ្វើតេស្ដរកមើលអ្នកឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីមានអ្នកទេសចរចុះនៅសិង្ហបុរីម្នាក់ត្រូវបានគេរកឃើញថាបានឆ្លងវីរុស។ ករណីចំនួន ៦០បន្ថែមទៀតនេះ ធ្វើឱ្យចំនួនអ្នកដំណើរ និងនាវិក ដែលបានឆ្លងកើនដល់ ១៣០នាក់។ ប៉ុន្តែយ៉ាងណាមន្ត្រីក្រសួងសុខាភិបាលបានបដិសេធមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗទេ។

នាវានេះត្រូវបានដាក់ឱ្យនៅដាច់ពីគេរយៈពេល ២សប្តាហ៍ នៅពេលដែលនាវាហៀបនឹងចតនៅយូកូហាម៉ា កាលពីថ្ងៃទី០៣ ខែកុម្ភៈ បន្ទាប់ពីអ្នកដំណើរដែលបានចុះចតនៅហុងកុងកាលពីចុងខែមុន ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះ។ នាវាកម្សាន្ត Diamond Princess ត្រូវបានគេឱ្យដឹងថា មានអ្នកដំណើរ និងនាវិកសរុបជាង ៣,៧០០នាក់។ មនុស្សរាប់សិបនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្សប្រហែល ៣,៦០០នាក់ ដែលភាគច្រើនជាមនុស្សចាស់ជរាកំពុងស្ថិតនៅលើនាវានៅឡើយកាលពីថ្ងៃអាទិត្យ៕



អត្ថបទ៖ លីដា