មើលហើយទប់ទឹកភ្នែកមិនជាប់! បច្ចេកវិទ្យា VR ធ្វើឲ្យស្រ្តីជាម្តាយអាចជួប និងនិយាយជាមួយកូនស្រីដែលស្លាប់កាលពី ៤ឆ្នាំមុន
កូរ៉េខាងត្បូង៖ ទូរទស្សន៍កូរ៉េខាងត្បូងបានផ្សព្វផ្សាយនូវវីដេអូមួយដែលបង្ហាញថា កម្មវិធីដ៏ទំនើបរបស់បច្ចេកវិទ្យាVR (Virtual Reality) បានធ្វើឲ្យស្រ្តីជាម្តាយម្នាក់បានជួបជាមួយកូនស្រីរបស់គាត់សារជាថ្មីម្តងទៀត ក្រោយរូបនាងបានស្លាប់អស់រយៈពេល ៤ ឆ្នាំរួចមកហើយ។ ស្រ្តីជាម្តាយត្រូវបានគេស្គាល់ថាមានឈ្មោះ Jang Ji-sung ហើយកូនស្រីរបស់គាត់មានឈ្មោះ Nayeon បានស្លាប់កាលពីឆ្នាំ ២០១៦ កន្លងទៅដោយមានជំងឺមិនអាចព្យាបាលបាន ពោលគឺនៅពេលនាងមានអាយុ ៧ ឆ្នាំប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការជួបគ្នារវាងម្តាយនិងកូនដែលបានស្លាប់ទៅហើយនេះ មិនមែនជាការប្រើមន្តអាគមខាបព្រលឹងខ្មោចឲ្យមកជួបជាមនុស្ស ឬបង្កើតកូនស្រីម្នាក់ទៀតឲ្យមកជួបជាមួយម្តាយនោះទេ តែភាពទំនើបនៃបច្ចេកវិទ្យាបានអនុញ្ញាតឲ្យគេអាចបង្កើតរូបភាពរបស់ក្មេងស្រីម្នាក់ ដែលមានមុខមាត់ ខ្លួនប្រាណ និងសំឡេងដូចគ្នាជាមួយនឹងកុមារី Nayeon ហើយនៅពេលដែលស្រ្តីជាម្តាយពាក់វ៉ែនតា VR គឺគាត់អាចឃើញរូបភាពក្មេងស្រីម្នាក់ដូចជាកូនគាត់ពិតៗអីចឹង។ ស្រ្តីជាម្តាយអាចនិយាយទៅកាន់កូនស្រីដែលត្រឹមតែជារូបភាពនោះបាន ហើយការកំណត់ដោយបច្ចេកវិទ្យាក៏អនុញ្ញាតឲ្យរូបភាពរបស់កុមារី Nayeon អាចសន្ទនាត្រលប់ទៅកាន់ម្តាយវិញផងដែរ តែពួកគេមិនអាចប៉ះពាល់គ្នាបានឡើយ៕ លោកអ្នកអាចទស្សនាសកម្មភាពដូចបានរៀបរាប់នេះនៅក្នុងវីដេអូខាងក្រោម៖






អត្ថបទ៖ ភក្តី