ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការបំផ្លាញព្រៃឈើធ្វើឱ្យផ្នែកខ្លះនៃព្រៃអាម៉ាហ្សូនសព្វថ្ងៃនេះ បញ្ចេញច្រើនជាងស្រូបយក CO2 ពីបរិយាកាស

    BY autoadmin February 12, 2020
    ការបំផ្លាញព្រៃឈើធ្វើឱ្យផ្នែកខ្លះនៃព្រៃអាម៉ាហ្សូនសព្វថ្ងៃនេះ បញ្ចេញច្រើនជាងស្រូបយក CO2 ពីបរិយាកាស

    ដូចយើងធ្លាប់ដឹងមកហើយថា ព្រៃអាម៉ាហ្សូនបានស្រូបយកកាបូនឌីអុកស៊ីត (CO2) ២ពាន់លានតោន ក្នុងមួយឆ្នាំៗ ដែលជាចំណែកមួយក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែពេលនេះវាពិតជាគួរឱ្យបារម្ភណាស់ ដោយការស្រាវជ្រាវថ្មីមួយបង្ហាញថា អាចមានរហូតដល់ទៅ ១ ភាគ ៥ ឬ ២០% នៃព្រៃអាម៉ាហ្សូនសព្វថ្ងៃនេះ កំពុងបញ្ចេញឧស្ម័នកាបូនិចច្រើនជាងវាស្រូបយកឧស្ម័នកាបូនិចទៅទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ពោលគឺខណៈដើមឈើថ្មីៗស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ដើមចាស់ៗនឹងបញ្ចេញឧស្ម័នពុលនោះចេញមក។ មូលហេតុធំចម្បងរបស់វាគឺការបំផ្លាញព្រៃឈើ ហើយវាស្របពេលដែលព្រៃឈើរាប់លានដើមត្រូវបានបំផ្លាញ ដោយការកាប់បំផ្លាញ និងអគ្គិភ័យក្នុងរយៈពេលចុងក្រោយមកនេះ។

    រៀងរាល់ពីរសប្តាហ៍ក្នុងរយៈពេល ១០ឆ្នាំ កន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយសាស្រ្តាចារ្យ Luciana Gatti អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិស្រាវជ្រាវអវកាសប្រេស៊ីល (INPE) បានធ្វើការសិក្សាយ៉ាងយកចិត្តទុកដាក់ ដោយបង្ហោះយន្តហោះបំពាក់ឧបករណ៍ចាប់សញ្ញាលើផ្នែកផ្សេងៗនៃព្រៃអាម៉ាហ្សូន។ អ្វីដែលពួកគេមានការភ្ញាក់ផ្អើលគឺថា ផ្នែកភាគច្រើននៅតែរក្សាសមត្ថភាពរបស់ខ្លួនក្នុងការស្រូបយកបរិមាណកាបូនឌីអុកស៊ីត ប៉ុន្តែផ្នែកមួយចំនួននៃព្រៃ ដែលកំពុងត្រូវបានកាប់បំផ្លាញ ហាក់ដូចជាបាត់បង់សមត្ថភាពនោះ។ ក្រុមស្រាវជ្រាវបានបារម្ភថា នៅពេលខាងមុខព្រៃអាម៉ាហ្សូន អាចនឹងក្លាយជាផ្នែកមួយនៃការបំពុលទៅកាន់បរិយាកាសរបស់ផែនដីនេះ។

    ការសិក្សាស្រាវជ្រាវនោះបានបង្ហាញថា តំបន់ព្រៃភ្នំប៉ែកអាគ្នេយ៍ប្រហែល ២០% នៃផ្ទៃដីសរុប បានក្លាយជាប្រភពនៃកាបូន។ អ្នកស្រាវជ្រាវបានប្រាប់ Newsnight ថា៖ «កាន់តែអាក្រក់ទៅៗរៀងរាល់ឆ្នាំ។ យើងសង្កេតឃើញថា តំបន់នៅភាគអាគ្នេយ៍គឺជាប្រភពដ៏សំខាន់នៃកាបូន។ ហើយវាមិនសំខាន់ទេថា តើវាជាឆ្នាំសំណើម ឬឆ្នាំរាំងស្ងួត។ ឆ្នាំ២០១៧-១៨ គឺជាឆ្នាំសើម ប៉ុន្តែវាមិនមានអ្វីប្លែកខុសគ្នាទេ។» ព្រៃទឹកភ្លៀងនេះនឹងអាចក្លាយជាប្រភពនៃកាបូនជាជាងធ្វើជាឃ្លាំងស្តុក ឬទប់ឧស្ម័នកាបូនិចពីផែនដី៕

    អត្ថបទ៖ លីដា

    Share This Post: