ឥទ្ធិពលនៃវីរុសកូរ៉ូណាធ្វើឲ្យតម្លៃម៉ាស់ N95 នៅក្នុងប្រទេសឥណ្ឌូនេស៊ីថ្លៃជាងមាសទៅទៀត
ឥណ្ឌូនេស៊ី៖ ជាទូទៅគេតែងប្រៀបធៀបរបស់មានតម្លៃថ្លៃៗមួយចំនួនថា “ថ្លៃដូចមាស” ហើយមូលហេតុដែលមានការប្រៀបធៀបដូចនេះក៏ព្រោះតែក្នុងផ្នត់គំនិតរបស់មនុស្សម្នាក់ៗគិតថា មាសជារបស់ដ៏មានតម្លៃមួយ។ យ៉ាងណាក្តី បើយោងទៅតាមការប្រៀបធៀបរបស់សារព័ត៌មានអេឡិចត្រូនិច Worldofbuzz ឯណោះវិញបានបង្ហាញថា ម៉ាស់ប្រភេទ N95 នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានតម្លៃថ្លៃជាងមាសទម្ងន់មួយក្រាមទៅទៀត ក្នុងអំឡុពេលដែលវីរុសកូរ៉ូណាកំពុងរាតត្បាតពេញពិភពលោកនេះ។
ប្រភពខាងលើបានបង្ហាញតម្លៃម៉ាស់ និងមាសក្នុងទីផ្សារនៃប្រទេសឥណ្ឌូនេស៊ីថា ម៉ាស់ប្រភេទ N95 មួយប្រអប់មានតម្លៃរហូតដល់ ១,៥ លាន Rupiah ( ១១០ ដុល្លារអាម៉េរិក) ខណៈមាសមួយក្រាមមានតម្លៃត្រឹមតែ ៨ សែន Rupiah (៦០ ដុល្លារអាម៉េរិក) តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា គិតរហូតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីនៅមិនទាន់មានករណីអ្នកឆ្លងមេរោគកូរ៉ូណានៅឡើយទេ ខណៈប្រជាពលរដ្ឋឥណ្ឌូនេស៊ីបាននាំគ្នាយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពការពារខ្លួនពីការចម្លងមេរោគដ៏កាច់សាហាវមួយនេះ៕

អត្ថបទ៖ ភក្តី
