ករណីថ្មីនៃវីរុសកូរ៉ូណា COVID1-19 នៅខេត្តហ៊ូប៉ី កើនឡើងដល់ទៅជាង ១៤,០០០នាក់ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ
ចំនួនករណីឆ្លងវីរុស និងការស្លាប់ដែលទាក់ទងនឹងវីរុសកូរ៉ូណា COVID-19 នៅខេត្តហ៊ូប៉ីប្រទេសចិន បានកើនឡើងខ្លាំងបំផុតនៅថ្ងៃចុងក្រោយនេះ។ ពោលគឺករណីថ្មីមានចំនួន ១៤,៨៤០ ហើយមានមនុស្សស្លាប់ ២៤២នាក់ បន្ថែមទៀត គិតត្រឹមថ្ងៃពុធ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងខេត្តទាំងមូល រួមទាំងទីក្រុងវូហាន កើនឡើងដល់ ១,៣១០នាក់។ មូលហេតុដែលអាចឱ្យពួកមន្ដ្រីអាចពិនិត្យឃើញអ្នកឆ្លងវីរុសច្រើនបែបនេះ ក៏ព្រោះតែពួកគេមានវិធីសាស្ត្រថ្មីក្នុងការពិនិត្យរកអ្នកវិជ្ជមានជាមួយវីរុស។ តួលេខថ្មីចុងក្រោយបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលកាលពីដើមសប្ដាហ៍ ប្រទេសចិនទើបតែបានបង្ហាញពីស្ថេរភាពនៃការឆ្លងវីរុស។

ពេលនេះករណីដែលត្រូវបានបញ្ជាក់មានសរុបជិត ៦០,០០០ករណី នៅក្នុងប្រទេសចិនដីគោក។ ប៉ុន្តែយ៉ាងណាក្រុមមន្រ្តីមិនបានប្រកាសពីចំនួនអ្នកស្លាប់ផ្លូវការចុងក្រោយទេ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ប្រទេសគឺស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកមួយ ហើយគាត់អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា លោក ស៊ី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរក្សាស្ថេរភាពសេដ្ឋកិច្ច និងសង្គម នៅក្នុងអំឡុងកិច្ចប្រជុំមួយរបស់មេដឹកនាំកំពូលៗនៃបក្សកុម្មុយនិស្តថ្ងៃនេះ៕




អត្ថបទ៖ លីដា