អបអរ! វៀតណាមព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 បានជាសះស្បើយ២នាក់ទៀតហើយ
ជនជាតិវៀតណាម ២នាក់ នៅខេត្ត Vinh Phuc ដែលបានឆ្លងវីរុស COVID-19 ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ នៅឯទីក្រុងហាណូយ នៅថ្ងៃអង្គារនេះ។ អ្នកទាំង២ ម្នាក់ជាបុរសអាយុ ២៩ឆ្នាំ និងម្នាក់ទៀតជាស្ត្រីអាយុ ៥៥ឆ្នាំ ដែលត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យជាតិជំងឺត្រូពិក (National Hospital of Tropical Diseases) ក្នុងទីក្រុងហាណូយ បន្ទាប់ពីពួកគេបានតេស្ដវិជ្ជមានចំពោះវីរុស។ ប្រភព VNexpress បានឱ្យដឹងថា ពេលនេះអ្នកទាំង ២ មិនមានអាការគ្រុនក្ដៅ ឬក្អកទៀតទេ ហើយសុខភាពរបស់ពួកគេគឺមានស្ថេរភាព។ ក្រុមគ្រូពេទ្យក៏បានធ្វើតេស្ដពួកគេបន្ថែមទៀតផងដែរ ហើយលទ្ធផលគឺពួកគេគ្មានវីរុសកូរ៉ូណាក្នុងខ្លួនទៀតទេ។

បុរសវ័យ ២៩ឆ្នាំ ស្ថិតក្នុងចំណោមកម្មករទាំង ៨នាក់ នៃក្រុមហ៊ុន Nihon Plast ដែលក្រុមហ៊ុនបានបញ្ជូនកម្មកររបស់ខ្លួនទៅរៀនបន្ថែមនៅទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសកូរ៉ូណា COVID-19 ។ ពួកគេបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញនៅថ្ងៃទី១៧ ខែមករា ហើយ ៦ ក្នុងចំណោម ៨នាក់ បានឆ្លងវីរុសនេះ ខណៈ ២នាក់ ផ្សេងទៀតនៅកំពុងតាមដាន។ បុរសនេះបានវិវត្តរោគសញ្ញានៅថ្ងៃទី២១ ខែមករា ហើយត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសនៅថ្ងៃទី៣០ ខែមករា។
ចំណែកស្ត្រីវ័យ ៥៥ឆ្នាំ ម្នាក់ទៀតបានឆ្លងវីរុសពីអ្នកជិតខាងឈ្មោះ Nguyen Thi Du ដែលជាកម្មករម្នាក់ក្នុងចំណោមកម្មករ ៨នាក់ ដែលត្រឡប់មកពីវូហាន។ គាត់បានទៅលេងផ្ទះរបស់អ្នកជិតខាងប្រហែលមួយម៉ោង កាលពីថ្ងៃទី២៨ ខែមករា។ គាត់បានវិវត្តរោគសញ្ញាដូចជាគ្រុនក្តៅ ឈឺក្បាល និងហៀរសំបោរ នៅថ្ងៃទី០២ ខែកុម្ភៈ។ នៅថ្ងៃទី០៩ ខែកុម្ភៈ លទ្ធផលតេស្តបញ្ជាក់ថា គាត់ឆ្លងវីរុសកូរ៉ូណា COVID-19 ហើយត្រូវបានបញ្ជូនទៅទីក្រុងហាណូយដើម្បីព្យាបាល៕

អត្ថបទ៖ លីដា