អ្នកឆ្លងវីរុសកូរ៉ូណានឹងទទួលប្រាក់ឧបត្ថម្ភ ជាង៤០០ដុល្លាអាមេរិក ឯអ្នកស្លាប់បានជាង ៧០០ដុល្លារអាមេរិក ពីអាជ្ញាធរក្រុងវូហាន
ចិន៖ អាជ្ញាធរក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងកំណើតនៃវីរុសកូរ៉ូណា COVID-19 កាលពីពេលថ្មីៗនេះបានដាក់ចេញនូវគោលនយោបាយផ្តល់ទឹកប្រាក់ឧបត្ថម្ភចំពោះក្រុមគ្រួសារដែលមានជនរងគ្រោះដោយវីរុសកូរ៉ូណា COVID-19 ដើម្បីបង្ហាញពីការទទួលខុសត្រូវផង និងដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្លះផង ដ្បិតវីរុសមួយនេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះបញ្ហាសេដ្ឋកិច្ចរបស់ប្រជាពលដ្ឋនិងសង្គមជាតិទាំងមូល។ បើយោងតាមសារព័ត៌មាន Shanghai បានបញ្ជាក់ថា អាជ្ញាធរក្រុងវូហាននឹងផ្តល់ប្រាក់ចំនួន ៣ ០០០ យន់ (៤២៩ ដុល្លារអាម៉េរិក) ចំពោះគ្រួសារដែលមានសមាជិកណាម្នាក់ឆ្លងនូវវីរុសកូរ៉ូណា COVID-19 ចំណែកឯគ្រួសារដែលមានសមាជិកស្លាប់ដោយវីរុសកូរ៉ូណា COVID-19 វិញនឹងត្រូវទទួលទឹកប្រាក់ចំនួន ៥ ០០០ យន់ (៧១៦ ដុល្លារអាម៉េរិក)។

ជុំវិញបញ្ហាផ្តល់ប្រាក់ឧបត្ថម្ភនេះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិននឹកឃើញដល់មរណៈភាពរបស់លោកវេជ្ជបណ្ឌិត Li Wenliang ជាមនុស្សដំបូងដែលហ៊ានព្រមានជាសាធារណៈថា វីរុសកូរ៉ូណា COVID-19 នឹងរាតត្បាតខ្លាំង ហើយចុងក្រោយទៅរូបគាត់ផ្ទាល់ក៏បានស្លាប់ដោយវីរុសមួយនេះដែរ។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនបានបញ្ចេញមតិថា ទឹកប្រាក់ត្រឹមតែ ៧១៦ ដុល្លារអាម៉េរិក សម្រាប់ការពលីជីវិតរបស់វេជ្ជបណ្ឌិត Li Wenliang គឺពិតជាតិចតួចណាស់ ដូចនេះរដ្ឋាភិបាលចិនគួរតែផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារវេជ្ជបណ្ឌិបដែលស្លាប់ក្នុងយុទ្ធនាការជួយជនរងគ្រោះឲ្យបានច្រើនជាងនេះ។ គួររម្លឹកជូនថា គិតមកទល់នឹងពេលនេះមានវេជ្ជបណ្ឌិត ៦ នាក់ហើយ ដែលបានស្លាប់បង់បង់ជីវិតព្រោះតែបុព្វហេតុជួយជនរងគ្រោះដោយវីរុសកូរ៉ូណា COVID-19 ៕


អត្ថបទ៖ភក្តី