សង្គម

អ្នកនាំរឿង “ដើម្បី​កូន” បង្ហាញក្តីអាណិតអាសូរ និងចូលរួមពិធីបុណ្យសពលោកតា កង អឿន ដែលប្រកបរបរធាក់ស៊ីក្លូស្ទើរពេញមួយជីវិត ហើយត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

BY
Khmernote Media
February 18, 2020

ភ្នំពេញ៖ លោក ហ៊ុយ ​យ៉ាឡេង​ ដែល​ជា​ផលិតករ​ អ្នក​ដឹកនាំ​ និង​អ្នក​សម្ដែង​ ក្នុង​ខ្សែ​ភាពយន្ត​ “ដើម្បី​កូន” បានចូលរួមពិធីបុណ្យសព លោកតា កង អឿន ដែលប្រកបរបរធាក់ស៊ីក្លូ ហើយត្រូវរថយន្តបុកឆក់យកជីវិតយ៉ាងអាណោចអាធ័ម។ លោក ហ៊ុយ ​យ៉ាឡេង​ បានសរសេររៀបរាប់ថា៖

“លោកតាធាក់ស៊ីក្លូឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ លោកតាប្រកបរបរធាក់ស៊ីក្លូតាំងពីឆ្នាំ១៩៨៣ គឺស្ទើរមួយជីវិតហើយ ៣៧ឆ្នាំហើយដែលលោកតាមានជីវិតនៅលើដងផ្លូវជាមួយស៊ីក្លូមួយនេះ នៅលើលោកនេះគ្មានអ្នកណាចង់ក្រទេ។គាត់ប្រឹងតស៊ូណាស់ពេញមួយជីវិតនេះ មិនដែលបានរស់នៅស្រួលទេ តែសុំតែបានរស់នៅលើលោកីយ៍តែកម្មអប្រិយនៅលើទ្រូងផ្លូវឆក់យកជីវិតគាត់ កូនប្រុសស្លាប់មិនទាន់បាន១០០ថ្ងៃផង ពេលនេះពុកក៏លាចាកលោកទៅទៀត នៅសល់តែម្តាយនិងកូនមួយកំព្រាតស៊ូវេទនានៅលើលោកីយ៍នេះ បើបងប្អូនណាចង់ជួយគាត់សូមទាក់ទងទៅកូនគាត់ផ្ទាល់ចុះ ប្អូនឈ្មោះ វ៉ាញ៉ាញ់ Fb name : Va Hanna 093697923″។

សូមរំលឹកថាគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង០១:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតដើមពោធិ៍(ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយរថយន្ត (មិនចាំម៉ាកមួយគ្រឿង) បានបើកបុកចំស៊ីក្លូពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកធាក់ស៊ីក្លូ ខ្ទាតប្លោងទៅខាងមុខរថយន្ត ភ្លាមនោះរថយន្តបង្ក មិនព្រមឈប់ឡើយ បានបន្ថែមល្បឿនបើកទៅមុខអូសទាំងបុរសចំណាស់នោះ អូសនឹងថ្នល់ រាប់សិបម៉ែត្រ ទើបខ្ទាតរមៀលចេញពីរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កក៏បើកបន្តដំណើររត់បាត់ស្រមោល បន្សល់ទុកសពបុរសរងគ្រោះស្លាប់កណ្ដាលផ្លូវ គួរឲ្យអាសូរ៕

Share This Post: